ព័ត៌មានទាន់ហេតុការណ៍៖

លោកអៀង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តប្រជំុផ្សព្វផ្សាយស្តីពីផែនការការពារសន្តិសុខការបោះឆ្នោតឃំុសង្កាត់អាណត្តិទី៤

ចែករំលែក៖

 

ខេត្តស្ទឹងត្រែងៈ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើពិធីប្រជំុមួយ នៅក្នុងសាលាប្រជំុរបស់អាវុធហត្ថខេត្ត ដើម្បីដាស់តឿនដល់អង្គភាពរបស់លោក ក្នុងការផ្សព្វផ្សាយដាក់ផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃំុ សង្កាត់ ក្នុងអាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខនេះ ។

នាក្នុងឱកាសនៃអង្គពិធីប្រជំុផ្សព្វផ្សាយ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត លោកបានដាស់តឿនក្រើនរំឭកដល់កូនចៅនៅក្នុងអង្គភាពអាវុធហត្ថខេត្តទាំងអស់ ត្រូវចេះយកចិត្តទុកដាក់ក្នុងការងារតួនាទីរបស់ខ្លួនឱ្យល្អប្រសើរ និងធ្វើយ៉ាងណា ត្រូវគោរពឱ្យបាននូវរាល់បទបញ្ជារបស់មេបញ្ជាការដែលបានដាក់ឱ្យ ។

លោកបានបន្តថា ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ការបោះឆ្នោត ឃំុ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខនេះ លោកនឹងពង្រឹងកម្លាំងកូនចៅរបស់លោកដែលមានចំនួនជាង១០០នាក់ ដាក់ពង្រាយទៅតាមចំណុចគោលដៅសំខាន់ៗ នៅក្នុងខេត្ត ហើយខេត្តហ្នឹង មានចំនួន៥កន្លែង ដែលត្រូវដាក់ កន្លែងទី១ កម្លាំងអាវុធហត្ថឈរជើងនៅក្នុងក្រុងស្ទឹងត្រែង, កន្លែងទី២ដាក់កម្លាំងនៅស្រុកថាឡាបរិវ៉ាត់, កន្លែងទី៣ដាក់នៅស្រុកសៀមបូក, កន្លែងទី៤ដាក់កម្លាំងនៅប្រចាំការក្នុងស្រុកសៀមប៉ាង និងកន្លែងទី៥ ដាក់កម្លាំងនៅប្រចាំការក្នុងស្រុកសេសាន ហើយកម្លាំងនៅក្នុងមួយកន្លែងៗមានចំនួន១០នាក់ ដើម្បីការពារទប់ស្កាត់នៅរាល់ពេលមានសកម្មភាព ហេតុការណ៍អ្វីមួយមិនស្រួល ដែលកើតមានឡើងនៅក្នុងពេលបោះឆ្នោតខាងមុខ ។

លោកមេបញ្ជាការ បានបញ្ជាក់ថា នៅមុនថ្ងៃបោះឆ្នោតខាងមុខនោះ លោកក៏បានត្រៀមកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ជូននៅក្បួនដង្ហែ ព្យុះហយាត្រាដល់ធំមួយ ដោយមានចំនួន៥ប្រទេស ដែលបានចូលរួម គឺជាប្រទេសដែលនៅជាប់តាមដងទន្លេមេគង្គ ដោយក្បួនដង្ហែមួយនេះ បានដង្ហែចូលមកក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនកម្ពុជា ឡាវ ផ្លូវជាតិលេខ៧ អាស៊ាន ឆ្លងកាត់ស្ពានសេកុង រហូតដល់ស្ពានមេគង្គ រួចហើយទើបបានត្រឡប់ក្បួននេះមកកាន់វត្តព្រះអង្គធំ ក្នុងក្រុងស្ទឹងត្រែងវិញ លុះដល់ស្អែកឡើង ទើបបានបន្តដំណើរទៅកាន់ខេត្តព្រះវិហារ ។

សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធី លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត លោកក៏បាននាំយកអាវភ្លៀវកៅស៊ូ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនដល់អង្គភាពអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងមួយម្នាក់ៗ ទទួលបានអាវភ្លៀងចំនួន១ផងដែរ ៕ មាស សុផាត


ចែករំលែក៖