ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលសពទាហានមួកខៀវកម្ពុជាចំនួន៤ រូប ដែលត្រូវ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសអាហ្រ្វិកកណ្តាលនៅថ្ងៃនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយពីពិធីសាសនា និងពិធីទទួលសពជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយ សពវីរៈទាហានមួកខៀវកម្ពុជាទាំង៤រូប ត្រូវបានរៀបចំដឹកទៅកាន់លំនៅឋានរបស់សពរៀងៗ ខ្លួន ដែលស្ថិត នៅ រាជធានីភ្នំពេញ (១) ខេត្តពោធិ៍សាត់(១) ខេត្តសៀមរាប (១) និងខេត្តស្វាយរៀង (១)។ ពិធីដង្ហែរសព នេះគឺអមដោយកម្លាំងអាវុធហត្ថជាច្រើននាក់ និងកម្លាំងនគរបាលឈរយាម តាមផ្លូវបណ្ដាក់គ្នាផងដែរ។
នៅក្នុងពិធីទទួលសពយប់នេះ គឺមានការរៀបចំជាក្បូនត្រែទ័ព ដោយក្រសួងការពារជាតិ ដើម្បីផ្តល់ កិត្តិយសទទួលអោយសក្តិសមទៅនឹងការលះបង់ដ៏អង់អាចក្លាហានរបស់កងទ័ពយើងក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វហេតុថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅក្នុងប្រទេសដែលកំពុងមាន សង្រ្គាម។
មុននឹងអញ្ជើញទទួល និងគោរពវិញ្ញាណក្ខន្ធដល់សពវីរទាហានទាំង៤រូប សម្តេតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយគ្រួសារសព និងបានសំដែងនូវក្តីសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់វីរទាហានដ៏ឆ្នើមរបស់កម្ពុជា។
សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា៤រូបគឺបានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេល បំពេញបេសកជាមួយអង្គការសហប្រជាជាតិ (UN) កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះរួមមាន: ១)ពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, ២)អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, ៣) ពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអេស្ការវ៉ាទ័រ និង ៤) អនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ។
កម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមវិញ្ញាណក្ខន្តនៃសពបានចាប់បដិសន្ឋិ នៅថានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ