ខេត្តកណ្តាលៈ រថយន្តមិនស្គាល់ម៉ាកបើកបោះពួយបុកម៉ូតូមួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ៨ បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ម្នាក់ទៀតរងរបួសយ៉ាងធ្ងន់កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ ចំរើន ផានី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបើកបរម៉ូតូ) និងអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់នោះឈ្មោះ និន វណ្ណា អាយុ២២ឆ្នាំ ជនជាតិខ្មែរ ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-6564 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះជិះដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកច្រាស់ទិសគ្នាបុកពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបានបើកគេចខ្លួនបាត់ស្រមោល ។
ចំណែកឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នម៉ូតូជនរងគ្រោះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ