ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឱកាសបំពេញទស្សនកិច្ចនៅអុីស្រាអែល ប្រធានាធិបតី ត្រាំ ព្រមានអុីរ៉ង់

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែលដោយនៅទីនោះ លោកបានស្នើដល់អុីរ៉ងបញ្ចប់សកម្មភាពគាំទ្រហិរញ្ញវត្ថុ និងយោធាដល់ក្រុមភេរវកម្ម ហើយ នឹងមិនអាចមានអាវុធបរមាណូជារៀង រហូត។

សារព័ត៌មាន The Guardian បានដក ស្រង់សម្តីប្រធានាធិបតី ត្រាំ ដែលមាន ប្រសាសន៍នៅតំបន់ហ្សេរុយសាឡឹម កាល ពីថ្ងៃទី២២ ខែឧសភា ជាមួយប្រធានា ធិបតីអុីស្រាអែលលោក Reuven Rivlin ថា «អាមេរិក និងអុីស្រាអែលនឹងមាន សំឡេងរួមគ្នាមួយ គឺអុីរ៉ង់មិនអាចមាន គ្រាប់បែកបរមាណូជារៀងរហូត ហើយត្រូវតែបញ្ចប់សកម្មភាពជួយដល់ក្រុមភេរវ កម្ម»។

ប្រធានាធិបតី ត្រាំ ក៏បានលើកឡើងថា អាមេរិក និងប្រទេសតំបន់អារ៉ាប់ ក៏ដូចជាអុីស្រាអែលមានក្តីបារម្ភពីសកម្មភាពគំរាមកំហែងពីប្រទេសអុីរ៉ង់។

ការលើកឡើងខាងលើរបស់លោក ត្រាំ បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយ លោក ត្រាំ បានរិះគន់អុីរ៉ង់ថា ជាអ្នកជំរុញ ឲ្យមានវិបត្តិនៅតំបន់ និងការវាយប្រហារ ភេរវកម្មកើតឡើង។ ជាមួយគ្នានោះលោក ត្រាំ ក៏បានស្នើឲ្យសហគមន៍អន្តរជាតិផ្តាច់ខ្លួនពីអុីរ៉ង់ដើម្បីឲ្យប្រទេសនេះនៅឯកោ រហូតដល់ក្លាយទៅជាដៃគូសន្តិភាពពេញលេញ។

តាំងពីដើមមក អាមេរិកបានចាត់ទុកអុីរ៉ង់ជាប្រទេសគាំទ្រក្រុមភេរវកម្ម ដោយអាមេរិកចាត់ទុកថាការគាំទ្ររបស់អុីរ៉ង់ដល់រដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំរបស់ប្រធា នាធិបតី អាល់អាសាដ និងក្រុមឧទ្ទាមហូធី នៅយេម៉ែន ក៏ដូចជាក្រុមហេបូឡាសនៅ លីបង់ ជាការបង្កឲ្យមានវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។

វិធីសាស្ត្រចូលទៅកាន់តំបន់មជ្ឈិម បូព៌ារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាការផ្លាស់ប្តូរទាំងស្រុងនៃគោល នយោបាយរបស់ប្រធានាធិបតី អូបាម៉ា ដែលខិតខំបញ្ចុះបញ្ចូលអុីរ៉ង់ឲ្យងាកមករកលោកខាងលិចវិញ និងបញ្ចប់កម្មវិធីអាវុធ នានា។

នៅក្នុងពេលធ្វើទស្សនកិច្ចទៅកាន់ ប្រទេសអុីស្រាអែល លោក ត្រាំ ក៏បានទៅទស្សនាជាប្រវត្តិសាស្ត្រ«ជញ្ជាំងទ្រហោយំ» ដែលជាទីតាំងស័ក្តិសិទ្ធិបំផុតសម្រាប់ជនជាតិជ្វីហ្វលើពិភពលោក ដែលហៅថា ជញ្ជាំងភាគខាងលិច។

លោក ត្រាំ ក្លាយជាប្រធានាធិបតី អាមេរិកដំបូងបំផុត ដែលបានទៅធ្វើ ទស្សនកិច្ចជញ្ជាំង ទ្រហោយំនៅភាគខាងកើតតំបន់ហ្សេរុយសាឡឹម។ លោក ត្រាំ បានដាក់ដៃខាងស្តាំទៅលើជញ្ជាំងហើយធ្វើការបួងសួង៕ ម៉ែវ សាធី


ចែករំលែក៖