ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកនៅកណ្តាលពិធីប្រគំតន្ត្រីក្នុងពហុកីឡដ្ឋានទីក្រុង Manchester ប្រទេសអង់គ្លេស បណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និង៥៩ នាក់ទៀតរងរបួស

ចែករំលែក៖

កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៧ មានហេតុការណ៍ផ្ទុះគ្រាប់បែកនៅកណ្តាលពិធីសម្តែង ច្រៀងក្នុងពហុ កីឡដ្ឋានទីក្រុង Manchester ប្រទេសអង់គ្លេស បណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និង៥៩ នាក់ទៀតរងរបួស។ ប៉ូលិសអង់គ្លេសបាន ឲ្យដឹងថា នេះជាសកម្មភាពវាយប្រហារ ភេរវកម្មដែលបានគ្រោងទុកជាមុន។

សារព័ត៌មាន NBC News បានផ្សាយ ថា យ៉ាងហោចណាស់ក៏មានមនុស្ស២២នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ខាងលើក្រោយការឡើងច្រៀងរបស់តារាចម្រៀង Ariana Grande ក្នុងពហុកីឡដ្ឋានមេនឆែស្ទ័រ។

រថយន្តជួយសង្គ្រោះជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុ ហើយប៉ូលិស បានជម្លៀសពលរដ្ឋចេញពីពហុកីឡដ្ឋានខាងលើ ហើយស្នើដល់ពលរដ្ឋឲ្យជៀសពីតំបន់ប្រមូលផ្តុំគ្នាខ្លាចមានការវាយប្រហារផ្សេងទៀត។ ផ្លូវរថភ្លើងនៅក្នុងទីក្រុងមេនឆែស្ទ័រក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។

កម្លាំងប៉ូលិសអង់គ្លេសបានបញ្ជាក់ថា អាចមានករណីផ្ទុះ២ផ្សេងគ្នានៅក្នុងពិធី សម្តែងច្រៀងនោះ ប៉ុន្តែប៉ូលិសមិនទាន់ បញ្ជាក់ពីមូលហេតុពិតនៅឡើយទេ។ ហេតុការណ៍ផ្ទុះកើតឡើងនៅវេលាម៉ោង ៥ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ម៉ោងនៅកម្ពុជា ហើយកម្លាំងដោះមីនក៏ បានបញ្ជូនទៅកាន់ទីនោះដោយខ្លាចមានគ្រាប់បែកផ្សេងទៀត។

ចំណែកកម្លាំងប៉ូលិសប្រឆាំងភេរវកម្មនៅទីក្រុងញូវយ៉កបានឲ្យដឹងថា ប៉ូលិស កំពុងតែតាមដានសកម្មភាពខាងលើ។ ចំណែកតំណាងតារាចំរៀង Ariana Grande បានប្រកាសថា តារាចម្រៀង Ariana មានសុវត្ថិភាពទេ។

រូបភាពបានបង្ហាញឲ្យឃើញថា ពល រដ្ឋនៅក្នុងពហុកីឡដ្ឋានធ្លាក់ក្នុងសភាព ចលាចល រត់ភៀសខ្លួនចេញទៅក្រៅ។ ពហុកីឡដ្ឋានខាងលើផ្ទុកមនុស្សបាន ២១.០០០នាក់ ជាពហុកីឡដ្ឋាននៅក្នុង ផ្ទះធំបំផុតក្នុងតំបន់អឺរ៉ុប។

បច្ចុប្បន្នអង់គ្លេសបានប្រកាសអាសន្នក្រហមពីការវាយប្រហារភេរវកម្មផ្សេង ទៀតដែលអាចកើតឡើងប៉ុន្តែប៉ូលិសមិនទាន់អាចសន្និដ្ឋានបានពីមូលហេតុនៃការផ្ទុះសម្លាប់មនុស្សយ៉ាងច្រើននោះឡើយ។ ទោះជាយ៉ាងណាមន្ត្រីជាន់ខ្ពស់អាមេរិក ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នេះជាការវាយប្រហារភរវកម្មអត្តឃាត។

នេះជាលើកទី១ ហើយដែលមានការ វាយប្រហារទ្រង់ទ្រាយធំនៅក្នុងប្រទេស អង់គ្លេសដែលជាប្រទេសមានសុវត្ថិភាព បំផុតនៅក្នុងតំបន់អឺរ៉ុប ហើយក៏ជាលើកទី ១ដែរ ដែលរងការវាយប្រហារចាប់តាំងពីអង់គ្លេសបានសម្រេចចាកចេញពីអឺរ៉ុបនោះ៕ ម៉ែវ សាធី


ចែករំលែក៖