ព័ត៌មានទាន់ហេតុការណ៍៖

ប្តីឌុបចេញពីសាលមហោស្រពទៅផ្ទះ ដល់ពាក់កណ្តាលផ្លូវចោរឆក់កាបូបទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ខណៈជិះម៉ូតូត្រឡប់មកផ្ទះវិញស្រាប់តែមានជនសង្ស័យប្រុសស្រី៣នាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៥៤ ត្រង់ចំណុចជិតផ្សារសូរិយាស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

ស្រី្តរងគ្រោះមានឈ្មោះ ឈឹម សារុំ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរជាគ្រូតុបតែងសម្លៀកបំពាក់បុរាណនៅសាលមហោស្រពចតុមុខ ស្នាក់នៅផ្ទះ98Eo ផ្លូវ១៥៤ ក្រុម៤១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ស្រី្តរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់ទើបតែចេញមកពីសាលមហោស្រពចតុមុខដោយឲ្យប្តីរបស់គាត់ជិះម៉ូតូគុបជ្រុង ដឹករូបគាត់ទៅផ្ទះដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ក្នុងទិសដៅពីកើតទៅលិច។ ខណៈជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ៣នាក់ក្នុងនោះមានស្ត្រីម្នាក់អង្គុយពីក្រោយជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Nex ពណ៌ស អត់មានស្លាកលេខ បានជិះមកជិតហើយធ្វើសកម្មភាពឆក់កាបូបស្ពាយដែលគាត់ដាក់នៅចន្លោះកណ្តាលគៀបជាប់នឹងខ្នងប្តីរបស់គាត់យកទៅបាត់តែម្តង ។

ស្រ្តីរងក្រោះបានឲ្យដឹងទៀតថា នៅក្នុងកាបូបស្ពាយរបស់គាត់ដែលត្រូវចោរឆក់យកទៅបាត់ក្នុងនោះមានលុយ១៨០ដុល្លារ លុយខ្មែរ២០ម៉ឺនរៀល ទូរស័ព្ទ Nokia 1280 មួយគ្រឿង ប័ណ្ណការងារក្រសួងវប្បធម៌១ ខ្សែដៃ២ខ្សែ ចិញ្ជៀន៣វង់និងក្រវិល១គូ ។

ក្រោយពេលកើតហេតុស្រី្តរងគ្រោះនិងស្វាមីបានជិះម៉ូតូឌុបគ្នាបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី២ដើម្បីឱ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖