ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ប៊ូអិញនិង អែរប៊ូស នឹងត្រូវបាត់បង់ទីផ្សារ ធ្លាក់ចូលក្នុងដៃចិន និងរុស្ស៊ី

ចែករំលែក៖

បច្ចុប្បន្ន ចិន និងរុស្ស៊ី ជាប្រទេសដែលមានបច្ចេវិទ្យា ខ្ពស់នៅក្នុងវិស័យអាកាសចរណ៍ ដោយចិន ក៏ផលិតបានយន្តហោះស៊ីវិល ដឹកអ្នកដំណើរក្នុងស្រុង សាកល្បងដោយជោគជ័យ ហើយនៅពេលអនាគត ទីផ្សារអាកាសចរណ៍ ចិន ក៏ដូចជារុស្ស៊ី នឹងរីករាលដាលនៅលើពិភពលោក ប្រជែងជាមួយក្រុមហ៊ុនប៊ូអិញ និង អែរប៊ូស។

អ្វីដែលអាចប្រកួតប្រជែងបាននោះ គឺយន្តហោះចិនមានតម្លៃថោកជាងរបស់ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប អាចក្លាយទៅជាយន្តហោះស៊ីវិលដឹកអ្នកដំណើរ ក្នុងស្រុកបានយ៉ាងប្រសើរបំផុត។ មិនតែប៉ុណ្ណោះ ពេលដែលចិន និងរុស្ស៊ីសហការគ្នាផលិតនោះ គុណភាព និងទីផ្សារ កាន់តែ ពេញនិយម ដោយនៅលើពិភពលោក គេទទួលស្គាល់បច្ចេកវិទ្យាផលិតយន្តហោះរបស់រុស្ស៊ី។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិក និងអឺរ៉ុបដែលមានប្រវត្តិល្អ និងបទពិសោធន៍ខ្ពស់កំពុងចែកគ្នារកស៊ីក្នុងទីផ្សារអាកាសចរណ៍ស៊ីវិលចិនស្ទើរតែទាំងស្រុង។ ហេតុដូច្នេះហើយ បានលោកប្រធានាធិបតីចិន ចង់ឃើញចិនផលិតយន្តហោះបំរើឱ្យទីផ្សារខ្លួនឯង នៅពេលអនាគត។ បើតាមអ៊ែរប៊ូស ចិនទំនងត្រូវការយន្តហោះ៦ពាន់គ្រឿង ឬឡើងដល់១០០០ពាន់លានដុល្លារ បើតាមប៊ូអ៊ីង នៅ២០ឆ្នាំខាងមុខ ។

ក្រោយការសាកល្បងដោយជោគជ័យយន្តហោះដឹកអ្នកដំណើររយៈមធ្យម C៩១៩ នៅថ្ងៃចន្ទទី២២ ខែឧសភា ចិន និងរុស្ស៊ីបានប្រកាសបង្ហាញផែនការប្រកបដោយមហិច្ឆតាដ៏ធំថ្មីមួយទៀត ក្នុងវិស័យអាកាសចរណ៍ស៊ីវិលដដែលតែសម្រាប់ដឹកជញ្ជូនអ្នកដំណើររយៈឆ្ងាយ។ ប៉េកាំង និងម៉ូស្គូរួមគ្នា បង្កើតក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយ ដើម្បីអាចប្រកួតប្រជែងនឹងយន្តហោះ ប៊ូអ៊ីង និងអ៊ែរប៊ូសនាពេលអនាគត។

ផែនការបង្កើតក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយត្រូវបានបង្ហើបឱ្យដឹងជាលើកដំបូងកាលពីខែមិថុនា ២០១៦នាឱកាសដំណើរទស្សនកិច្ចរបស់លោកពូទីន នៅប៉េកាំង។ហើយថ្ងៃនេះផែនការបានលេចជារូបរាង។ សហគ្រាសរដ្ឋចិន Commercial Aircraft of China (Comac) និងសហគ្រាសសាធារណៈរុស្ស៊ី United Aircraft Corporation (UAC) បានចាប់ដៃគ្នាជាផ្លូវការបង្កើតសហក្រុមហ៊ុននៅសៀងហៃដែលជានិម្មិត្តរូបនៃការអភិវឌ្ឍន៍ដ៏សំខាន់គម្រោងស្ថាបនាយន្តហោះធុនធំ ចិន-រុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អគ្គនាយកក្រុមហ៊ុនកូម៉ាក់ ។

បើតាមកូម៉ាក់ដដែល ផែនការសាងសង់យន្តហោះធុនធំនេះ មានតម្លៃប្រមាណពី ១៣ទៅ ២០ពាន់លានដុល្លារ។ យន្តហោះថ្មីរបស់ក្រុមហ៊ុនចិន-រុស្ស៊ីដែលជាគូប្រជែងដោយផ្ទាល់នឹងយន្តហោះប៊ូអ៊ីង ៧៨៧ និងអ៊ែរប៊ូស ៣៥០នឹងមានឈ្មោះថា ៩២៩ អាចផ្ទុកអ្នកដំណើរបាន ២៨០នាក់និងហោះបានក្នុងចម្ងាយ១២០០០គីឡូម៉ែត្រ ឬ ៧៤៥០ម៉ាយ។ យន្តហោះទីមួយនឹងអាចធ្វើហោះហើរសាកល្បងជាលើកដំបូង នៅរវាង៧ឆ្នាំទៀតហើយនឹងចាប់ផ្តើមចេញធ្វើពាណិជ្ជកម្ម នៅបីឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ២០២៦៕ ម៉ែវ សាធី


ចែករំលែក៖