ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមISធ្វើឲ្យពលរដ្ឋហ្វុីលីពីនរាប់សិបពាន់នាក់ត្រូវភៀសខ្លួន

ចែករំលែក៖

ភាពចលាចលនៅក្នុងទីក្រុង Marawi កាន់តែធ្ងន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃ ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់បានរត់ចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាពដោយសារតែ ក្រុមភេរវកម្មមានភាពជិតស្និទ្ធជាមួយ ក្រុមភេរវកម្មIS ដែលដណ្តើមគ្រប់គ្រង ទីក្រុងនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុម IS ស្ថិតនៅពីក្រោយភាពចលាចលនៅ ទីក្រុង Marawi លើកោះ Mindanao ។ ប្រធានាធិបតីហ្វុីលីពីនបានប្រកាសអនុវត្ត ច្បាប់អាជ្ញាសឹកនៅទីនោះដើម្បីរារាំងក្រុមភេរវកម្ម។

អំពើហិង្សាក្នុងទីក្រុង Marawi កើត ឡើងតាំងពីដើមសប្តាហ៍ ក្រោយពេលក្រុមភេរវកម្មនៅក្នុងតំបន់គឺក្រុម Maute បើក ការវាយប្រហារទៅលើកម្លាំងសន្តិសុខ ហើយប្រកាសគ្រប់គ្រងទីក្រុង។ ក្រុម ម៉ៅទេ បានប្រកាសស្មោះត្រង់ជាមួយក្រុម IS ហើយមានបំណងចង់បង្កើតទីតាំងគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រទេសនេះ។

ខ្មាន់កាំភ្លើងបានដុតបំផ្លាញផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង និងមន្ទីរពេទ្យរំដោះ អ្នកទោសបំផ្លាញវិហារសាសនាគ្រិស្ត និង សាលារៀន។ កាលពីយប់ថ្ងៃទី២៤ ខែ ឧសភា រដ្ឋាភិបាលហ្វុីលីពីនបានឲ្យដឹងថា ស្នងការប៉ូលិសនៅទីក្រុងនោះត្រូវបាន ក្រុម IS សម្លាប់។

កម្លាំងប៉ូលិសទាហានត្រូវបានដាក់ ពង្រាយនៅទីក្រុង Marawi តាមបញ្ជាឲ្យ បង្កើតច្បាប់អាជ្ញាសឹកនៅទីនោះ។ កម្លាំងទាហានបានបង្កើតទីតាំងត្រួតពិនិត្យយ៉ាងតឹងតែងនៅជាយក្រុងក្នុងពេលដែលពល រដ្ឋរាប់សិបពាន់នាក់នៅក្នុងក្រុងបានរត់ភៀសខ្លួនចេញមកក្រៅ។ សារព័ត៌មាន រ៉យទ័របានដកស្រង់សម្តីមន្ត្រីមួយរូបនៅទីក្រុងMarawi បញ្ជាក់ថា បច្ចុប្បន្នទីក្រុងនេះមិនខុសអ្វីពីទីក្រុងខ្មោចឡើយ។

ពលរដ្ឋដែលបានរត់ចេញពីទីក្រុងបានឲ្យដឹងថា ក្រុមភេរវកម្មដែលគ្រប់គ្រងនៅ ទីក្រុងនោះយកប្រជាជនធ្វើជារនាំងការពារគ្រាប់ឲ្យពួកគេ ហើយគំរាមសម្លាប់ពលរដ្ឋជាចំណាប់ខ្មាំងប្រសិនបើរដ្ឋាភិបាលមិន ដកទាហានចេញពីទីក្រុងនោះទេ។

ប្រធានាធិបតីហ្វុីលីពីនលោក Duterte បានចេញបញ្ជាឲ្យអនុវត្តច្បាប់អាជ្ញាសឹកនៅលើកោះ Mindanao ហើយអាចអូស បន្លាយរយៈពេល១ឆ្នាំ។ មិនតែប៉ុណ្ណោះលោកក៏បានឡើងគម្រោងអនុវត្តបែបនេះនៅតំបន់ក្បែរនោះផងដែរ។ លោក ឌុយ ទែរតេ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយក្រុមជ្រុលនិយមនៅទីនោះដាក់ទង់ជាតិ របស់ក្រុម IS នៅទីក្រុង Marawi ។

លោក ឌុយទែរតេ បញ្ជាក់ថា «ខ្ញុំបានត្រៀមលក្ខណៈក្រោយពេលមានវត្តមាន ទង់ក្រុម IS បង្ហាញខ្លួននៅលើទឹកដីនេះ ហើយរដ្ឋាភិបាលនឹងបញ្ចប់ស្ថានភាពនេះ។ ប៉ុន្តែលោកមិនអាចភ្នាល់ជាមួយក្រុមភេរវកម្ម IS នេះឡើយដោយសារតែពួកគេមាននៅគ្រប់ទីកន្លែង»។

លោក ឌុយទែរតេ បានបញ្ចប់ដំណើរ ទស្សនកិច្ចនៅរុស្ស៊ីមុនពេលកំណត់វិល ត្រឡប់មកកាន់ប្រទេសវិញដើម្បីដោះស្រាយស្ថានភាពក្រោយពេលក្រុម IS ប្រកាស គ្រប់គ្រងទីក្រុង Marawi។

អ្នកនាំពាក្យកម្លាំងទាហានហ្វុីលីពីន បានឲ្យដឹងថា មកទល់ពេលនេះមានទាហាន ១៣ នាក់ស្លាប់ ចំណែកក្រុមភេរវកម្មវិញ ក៏ត្រូវទាហានសម្លាប់ជាច្រើននាក់ផងដែរ។ កាលពីថ្ងៃទី២៤ ខែឧសភា ក្រសួងមហាផ្ទៃហ្វុីលីពីនបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង ម៉ៅទេ បានវាយប្រហាររំដោះអ្នកទោស ១០៧នាក់នៅទីក្រុង Marawi៕ ម៉ែវ សាធី

ក្រុមឧទ្ទាមនៅក្នុងប្រទេសហ្វីលីពីន

ប៉ូលិសហ្វីលីពីនដែលត្រូវក្រុមឧទ្ទាមវាយប្រហាររងរបួសនាពេលកន្លងមក


ចែករំលែក៖