ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកប្រដាល់ ឯម ចាន់រស្មី ត្រូវបុរសជាងសំណង់វាយនឹងដែកខ្នាំងអំពៅដេរ៣០ថ្នេរ

ចែករំលែក៖

ភ្នំពេញ៖ អតីតកីឡាកប្រដាល់សេរីគុនខ្មែរមួយរូបឈ្មោះ ឯម ចាន់រស្មី ត្រូវបានរងរបួសបែកក្បាលដេរ៣០ថ្នេរ ដោយសារតែបានទាស់ពាក្យសម្តីជាមួយបុរសម្នាក់ជាជាងសំណង់ កាលពីយប់ និងវៃគ្នាមួយប្រ៉ាវ តែមិនរបួស លុះព្រឹកឡើងក៏បើកឆាកប្រយុទ្ធគ្នាម្តងទៀត ជាលទ្ធផលកីឡាករប្រដាល់រងរបួសធ្ងន់ ចំណែកភាគីម្ខាងទតរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧​ ស្ថិតនៅចំណុចផ្ទះជួល ក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពា្រំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលជាអតីតអ្នកប្រដាល់រងគ្រោះនោះ ឈ្មោះ ឯម ចាន់រស្មី អាយុ៣៥ឆ្នាំ មុខរបរជាគ្រូបង្វឹកនៅ​ “ក្លឹបប្រដាល់និរោធមានចជ័យ” បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនដៃដល់ ឈ្មោះកំសត់ អាយុជាង៣០ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់នៅបន្ទប់ក្បែរគ្នា ។

សាក្សីបានឲ្យដឹងថា នៅ​មុនពេលកើតហេតុ កាលពីក្បាលល្ងាចថ្ងៃទី២៥ ខែឧសភា ជនរងគ្រោះ និងជនបង្កបានអង្គុយផឹកស់ីនៅក្នុងបន្ទប់រៀងៗខ្លួន លុះស្រវឹងរៀងៗខ្លួន ក៏បានឆ្លើយឆ្លងក្លែមពាក្យសំដីដាក់គ្នាទៅវិញទៅមក រហូតបានកើតចេញជាហិង្សាវាយតប់គ្នាមួយប្រ៉ាវដោយដៃទល់នឹងដៃផ្អើលអស់អ្នកជិតខាងមកជួយអន្តរាគមន៍ឃាត់ភាគីទាំងពីរបញ្ចប់រឿងផងដែរ។

សាក្សីដដែលបានបន្តថា​ លុះព្រឹកឡើងវេលាម៉ោង៥ព្រឹក​ដោយសារតែមិនអស់ចិត្តរៀងខ្លួន ពួកគេក៏បានបន្តការប្រយុទ្ធម្តងទៀត ដោយម្ខាងកាន់កាំបិត​និងម្ខាងទៀតកាន់ដែកខ្នាំងអំពៅ ប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម លទ្ធផលអតីតអ្នកប្រដាល់ បានរងរបួសបែកក្បាលដេរអស់៣០ថ្នេរ​ ចំណែកភាគីម្ខាងទៀតរបួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ សុំការអន្តរាគមន៍ ៕ សុខាសែនជ័យ


ចែករំលែក៖