ភ្នំពេញ៖ រថយន្ត FORD RANGER មួយគ្រឿងធ្វើដំណើរតាមផ្លូវដោយបុរស២នាក់រួមនឹងនារីម្នាក់ ស្រវឹងស្រាទោរទន់បានបើកក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកនឹងរថយន្តកាមរីបាឡែន ពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ធ្វើឲ្យខាងរថយន្តបង្កទៅរករឿង ខាងរថយន្តរងគ្រោះថែមទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និងយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅមុខហាងខារ៉ាអូខេ ព្រីម ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តរងគ្រោះ ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AE 8139 ជាប្រភេទរថយន្តតាក់ស៊ី ជិះគ្នា ៥នាក់ មានស្រី៤ នាក់ និងប្រុសម្នាក់ (ទាំងអ្នកបើកបរ) បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ ពីត្បូងទៅជើង។ លុះមកដល់ចំណុច កើតហេតុដោយសារតែផ្លូវស្ទះចរាចរណ៍បន្តិច ក៍ស្រាប់តែមានបុរសពីរនាក់រួមនិងនារីម្នាក់ បានបើករថយន្តបង្កម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM 5616 ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរ ទិសដៅស្របគ្នា ក្នុងល្បឿនលឿន ក៍ជ្រុលទៅបុកនឹងរថយន្តកាមរីបាឡែន ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតរលាត់គូថខាងក្រោយ តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តនោះទេ ។
ដោយឡែករថយន្តបង្កវិញ រងកាខូចខាតក្រពិតខាងមុខបន្តិច តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តដូចគ្នា ។ ភ្លាមៗនោះគេបានឃើញ បុរសម្នាក់ដែលជិះក្នុងរថយន្ត បង្កបានចុះពីលើរថយន្ត មកទាំងសភាពស្រវឹង បាននិយាយរករឿងវាយភាគីរថយន្តរងគ្រោះថែមទៀតធ្វើឲ្យមានមនុស្សចោមរោមមើលព្រោងព្រាត។
ប្រភពដដែលបន្តថាក្នុងហេតុការណ៍នេះដែរ គេមិនឃើញមានសមត្ថកិច្ចមូលដ្ឋានឬជំនាញណាម្នាក់ ចេញមុខមកសម្របសម្រួលនោះឡើយ គឺបានទុកឲ្យភាគីទាំងសងខាង ធ្វើសម្របសម្រួលទាំងកំហឹង និង ចងចិញ្ចើមដាក់គ្នា រហូតទាល់តែមានតំណាងរៀងៗខ្លួន មកធ្វើការចរចាដោះស្រាយជំនួស ដោយខាងរថយន្តបង្កយល់ព្រមសុខចិត្ត យករថយន្តរងគ្រោះទៅជួសជុលសងវិញ ដើម្បីបញ្ចប់រឿងតែម្តង ៕ ប្រាថ្នា