ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់! កាប់ប្រពន្ធ៤ពូថៅ ចាក់១កាំបិត រួចចាប់បោះចូលស្រះទឹកក្បែរផ្ទះ សង្ស័យកម្រោលចូល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីអំពើឃាដកម្មដ៏សាហាវ ខណៈជនសង្ស័យជាប្ដី បានកាប់ទៅលើប្រពន្ធ និងចាក់ថែមមួយកាំបិតចំត្រចៀកខាងស្ដាំ រួចលើកទម្លាក់ប្រពន្ធចូលស្រះក្បែរផ្ទះធ្វើឲ្យកូនៗ ស្រែកយំផ្អើលពេញភូមិ ហើយរត់គេចខ្លួនភ្លាមៗ សង្ស័យកម្រោលចូល។

ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិនរាទាន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរង្គ្រោះមានឈ្មោះសុក សុភាព អាយុ៣២ឆ្នាំ មុខរបរកសិករ ត្រូវប្ដីកាប់ចំក្បាល៤ពូថៅ និងចាក់១កាំបិតចំត្រចៀកខាងស្ដាំស្លាប់ភ្លាមៗ រួចលើកសពបោះទម្លាក់ទឹកស្រះក្បែរផ្ទះ ។ រីឯជនសង្ស័យជាប្ដីមានឈ្មោះសូរ គន អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិនរាទាន ឃុំឈើទាល ស្រុកស្វាយជ្រំ ខណៈមានកូនក្នុងបន្ទុកចំនួន២នាក់ ។

បើតាមអ្នកភូមិបានឲ្យដឹងថា ២នាក់ប្ដីប្រពន្ធនេះរៀបការនឹងគ្នាបាន៩ឆ្នាំមកហើយ ខណៈមានកូនស្រីអាយុ៨ឆ្នាំ និងកូនប្អូនអាយុ៦ឆ្នាំ ដោយពីមុនមិនដែលមានជម្លោះនឹងគ្នានោះទេ ស្រឡាញ់គ្នាស្អិតល្មួត ។

ប៉ុន្តែនៅប៉ន្មានខែនេះ ធ្លាប់មានជម្លោះពាក្យសំដីគ្នាបន្តិតបន្តួចហើយក៏ស្ងាត់ទៅ ។

ប្រភពបន្តថា ដោយនៅមុនកើតហេតុ ប្ដីឈ្មោះសូរ គន បានទៅផឹកស៊ីផ្ទះអ្នកភូមិជិតខាងប្រមាណម៉ោង៦ល្ងាច ក៏សុំមិត្តភក្តិត្រឡប់មកផ្ទះវិញ ខណ​ៈមានអាការឈឺក្បាលខ្លាំងពេកក៏សម្រាកទៅ។

រីឯប្រពន្ធបានទៅវាលស្រែជញ្ជត់ត្រីខាងជើងផ្ទះតាំងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៤រសៀល ក៏បានត្រឡប់មកផ្ទះវិញ ដោយកាន់ធុងមានត្រីជាច្រើនហើយក៏បានធ្វើត្រីរហូតដល់យប់ ។

ប្រភពបន្តថា ស្រាប់តែនៅវេលាម៉ោងកើតហេតុ លឺសូរសំឡេងផាំងៗ រីឯកូនៗបានស្រែកយំយ៉ាងខ្លាំង បន្ទាប់មក លឺសំឡេងប្រូងបោះចូលស្រះទឹក ទើបអ្នកភូមិរត់ទៅមើល ស្រាប់តែឃើញស្ត្រីជាប្រពន្ធបានស្លាប់លាយឡំនឹងឈាមហូរជោកក្រហមពេញស្រះទឹក ចំណែកប្ដីក្រោយធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបន្សល់ទុកតែកូន២នាក់ស្រែកយំពេញផ្ទះគួរឲ្យអាសូរជាទីបំផុត។

យោងតាមនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា រហូតពេលនេះ ជនសង្ស័យជាប្ដីបានកំពុងរត់គេចខ្លួននៅឡើយ ខណៈសមត្ថកិច្ចស្រាវជ្រាវបន្តទៀ តដើម្បីឈានទៅរកការឃាត់ខ្លួនចាត់ការតាមច្បាប់ ។

សពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ ប៉ុន្តែដោយជីវភាពក្រីក្រពេក ទើបលោកមេឃុំ និងបងប្អូនក្រុមគ្រួសាររៃអង្គាសថវិកាគ្នាបានបន្តិចបន្តួចបូជានៅក្នុងភូមិតែម្ដង ៕ យឹម សុថាន


ចែករំលែក៖