ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាហ៊ូ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៣នាក់ និងដកហូតបានថ្នាំញៀនចំនួន២កញ្ចក់ធំ និងទូរស័ព្ទដៃ១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញា​ទាំង៣នាក់រួមមាន ទី១ឈ្មោះ ទេព វណ្ណី (ហៅនី) ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ( ជួញដូរ )។ ទី២ឈ្មោះ យន់ វ៉ាន់ណាត់ (ហៅយុង) ភេទប្រុស អាយុ ១៦ឆ្នាំ​ នៅភូមិស្ទឹងសែន សង្កាត់​កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ( ប្រើប្រាស់ )។ ទី៣ ឈ្មោះ ស្រី បូណា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ប្រើប្រាស់ )។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការបន្ដ៕ ប៊ុន រិទ្ធី


ចែករំលែក៖