ព័ត៌មានទាន់ហេតុការណ៍៖

ទើបទិញផ្ទះមិនទាន់បាននៅផងឡើងស្វាន់ដំបូលផ្ទះត្រូវចរន្តអគ្គីសនីឆក់ធ្លាក់កម្ពស់៦ម៉ត្ររបួលធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ គ្រូពេទ្យម្នាក់បានរងរបួសចង្កេះយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពេលដែលគាត់ឡើងស្វានដំបូលផ្ទះ កាលពីវេលាម៉ោង៤និង៣០ នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្រាវខ្សែភ្លើង ហើយបានប៉ះចំមុខតំណរបណ្ដាលឲ្យឆក់ របូតដៃធ្លាក់បោកជាមួយធ្នឹមជញ្ជាំងផ្ទះខាងក្រោមពេញទំហឹងតែម្ដង។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើនោះឈ្មោះ ឡា សាវឿន អាយុ៣៩ឆ្នាំ ជាគ្រូពេទ្យ ស្នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។និងមានស្រុកកំណើត នៅភូមិតាង៉ក់ឃុំរំចេកស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សាក្សីបន្តថា​ គាត់ទើបមកទិញដីធ្វើផ្ទះនៅចំណុចកើតហេតុនោះមិនទាន់ហើយនៅឡើយទេ ដោយឡែកនៅមុនពេលកើតហេតុ គាត់បានឡើងស្វានដំបូលផ្ទះ។ខណៈស្វានរួចមួយកន្លែងគាត់បានស្រាវខ្សែភ្លើងដើម្បីបន្តទៅស្វានមួយកន្លែងទៀត ចៃដន្យប៉ះចំមុខតំណរបណ្ដាយឲ្យឆក់របូតដៃធ្លាក់បោកនិងធ្នឹមជញ្ជាំងផ្ទះ រងរបួសបាក់ចង្កេះយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុក្រុមគ្រួសារ បានបញ្ជូនគាត់តាមរថយន្តរបស់ក្រុមសង្គ្រោះអង្គភាព៧១១ ទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ៕ សុខាសែនជ័យ


ចែករំលែក៖