ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែ និងដាក់ប្រព័ន្ធលូ១ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០២ខ្សែ និងដាក់ប្រព័ន្ធលូ០១ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

គម្រោងដែលបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះរួមមាន៖

១. ផ្លូវបេតុង០១ខ្សែ ប្រវែង ៤៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិទ័ពបោះ និងភូមិត្រពាំងស្វាយ (ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៧)

២. ផ្លូវបេតុង០១ខ្សែ ប្រវែង ៣២៩ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសេរីដីដុះ (ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧)

៣. ដាក់ប្រព័ន្ធលូរំដោះទឹក ០១ខ្សែ ប្រវែង១៤០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិទួលសំបូរ។

លោកអភិបាលខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយ នៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មី ០២ខ្សែនិងប្រព័ន្ធលូ១ខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ៕ ភារ៉ា ដង្កោ


ចែករំលែក៖