ព្យុះMora បានធ្វើដំណើរនៅមហាសមុទ្រឥណ្ឌា ដោយពេលនេះបានសម្តៅចូលក្នុងទឹកដីប្រទេសបង់ក្លាដែស បង្កការព្រួយបារម្ភយ៉ាងខ្លាំងពីរដ្ឋាភិបាល។ ក្រៅពីបង់ក្លាដែស ប្រទេសឥណ្ឌា និងប្រទេសនៅជិតខាងក៏រងផលប៉ះពាល់ផងដែរ។
សារព័ត៌មាន BBC បានផ្សព្វផ្សាយ ថា ខ្យល់ព្យុះកំបុតត្បូង Mora បានវាយប្រហារមកលើដែនដី នៃប្រទេសបង់ក្លាដេស ពិសេសតំបន់សសៀរ នៅភាគអគ្នេយ៍ តំបន់ឆ្នេរសមុទ្រ ដោយបង្កឲ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំង ។ នាយដ្ឋានឧតុនិយមបង់ក្លាដែស បានឲ្យដឹងថា កម្លាំងនៃខ្យល់ព្យុះបានបង្កឲ្យមានបាក់ដី ហើយនៅព្រឹកថ្ងៃ៣០ ខែឧសភា នៅចន្លោះកំពង់ផែនេសាទ Cox នៅ Bzar និងទីក្រុង Chittagong មានខ្យល់បោកបក់ក្នុងល្បឿន លើសពី១១៧គីឡូម៉ែត្រក្នុង១ម៉ោង ។
ក្រុមអាជ្ញាធរបានជម្លៀសពលរដ្ឋ ប្រមាណជាង១លាននាក់ ដើម្បីរកទីតាំងសុវត្ថិភាព ។ ព្យុះនេះនឹងបន្តបោកបក់ទៅលើប្រទេសបង់ក្លាដែស និងបង្កឲ្យមានផលប៉ះពាល់ដល់រដ្ឋមួយចំនួន របស់ប្រទេសឥណ្ឌាផងដែរ ក្នុងនោះមានរដ្ឋ Mizoram, Meghalaya និង Manipur ។
នៅពេលនេះដែរ អាជ្ញាធរ នៃប្រទេសបង់ក្លាដេសបាននឹងកំពុងព្យាយាម ជម្លៀសខ្លួនពលរដ្ឋ របស់ខ្លួនប្រមាណជាជិត១លាននាក់ចេញពីតំបន់ដែលគេកំពុងរស់នៅឲ្យបានមុនពេល ដែលព្យុះស៊ីក្លូន ដ៏ខ្លាំងក្លាមួយធ្វើដំណើរមកដល់ ។ ទីក្រុងផែសមុទ្រភាគអគ្នេយ៍ជាច្រើន ត្រូវបានរដ្ឋាភិបាលប្រកាសឲ្យដាក់កម្រិតអាសន្នខ្ពស់បំផុត ដល់ចំណុចទី១០ ខណៈដែលទីក្រុងសមុទ្រភាគខាងលិច កម្រិតអាសន្នក្នុងចំណុចលេខ៨ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ធម្មជាតិ ប្រភេទនេះដ៏អាក្រក់បំផុតធ្លាប់បានកើតឡើង អស់រយៈពេល១៤ឆ្នាំ ជាប់គ្នា ហើយវាបានធ្វើមានការប៉ះពាល់ដល់ជីវិតមនុស្សច្រើន ជាងកន្លះលាននាក់ ចំណែកឯមនុស្សបាត់ខ្លួន១០០នាក់នៅមិនទាន់ត្រូវបានគេ រកឃើញនៅឡើយ ៕ ម៉ែវ សាធី