ខេត្តកណ្តាល៖ អយ្យការអមសាលាដំបូងខេត្តកណ្ដាល និង អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលបណ្ដឹងរួចហើយ ដែលយុវជនម្នាក់ប្តឹងមេប៉ូលិសខេត្តកណ្ដាល៤រូប ឋានៈចាប់ពីនាយផ្នែករហូតដល់ស្នងការរងទទួលផែនចរាចរណ៍ ករណីបង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់ និង ការប្រព្រឹត្តអំពើពុករលួយ ។ ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថាប័នទាំងពីរពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
យុវជនឈ្មោះ ហ៊ីម ប៊ុនហៃ អាយុ១៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានដាក់បណ្តឹងចូលអយ្យការអមសាលាដំបូងខេត្តកណ្ដាល មានកម្មវត្ថុប្តឹងលោក វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលផែនចរាចរណ៍ លោក ម៉ែន ចាន់រិទ្ធិ អធិការនគរបាលស្រុកកណ្ដាលស្ទឹង លោក យន់ គង់ អធិការរងស្រុកកណ្ដាលស្ទឹង និង លោក គី រីន នាយផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍នគរបាលស្រុកកណ្ដាលស្ទឹង។
រំលងបានប៉ុន្មានថ្ងៃជនរងគ្រោះ បានដាក់បណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយមួយទៀត ចំពោះករណីដដែលនេះ តែប្តឹងមនុស្សតែ៣នាក់ប៉ុណ្ណោះ ពោលគឺ គ្មានឈ្មោះ លោក វ៉ែន សុវិន ឡើយ ។
ពាក់ព័ន្ធករណីនេះ លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បញ្ជាក់នៅថ្ងៃទី៣១ខែឧសភា ថា បណ្តឹងនេះកំពុងស្ថិតក្រោមចំណាត់ការរបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ។
លោក សុចិត្រា បដិសេធចំពោះសំណួរសួរថា តើតុលាការបានកោះហៅអ្នកណាខ្លះមកបំភ្លឺរួចឬនៅ ដោយលោកថា នេះជាការសម្ងាត់នៃការស៊ើបអង្កេតរបស់ស្ថាប័នអយ្យការ ។
ដោយឡែក លោក វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្ដាលទទួលផែនចរាចរណ៍ អះអាងថា បញ្ហានេះ គឺ ពុំមានការឃាត់ខ្លួនឬជំរិតទារប្រាក់ដូចការលើកឡើងទេ ។ លោក សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងជួយរកយុត្តិធម៌ជូនលោក ។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ឈ្មោះហ៊ឹម ប៊ុនហៃ បានជម្រាបជូនលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ថា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានបើករថយន្តមកដល់ចំណុចវិហារបិតមាស ស្រុកកណ្តាលស្ទឹង ក៏ជួបគ្រោះថ្នាក់ចរាចរបណ្តាលឲ្យម៉ូតូមួយគ្រឿងមានការខូចខាតបន្តិចបន្តួចនិងអ្នកបើកបរម៉ូតូរងរបួសដៃបន្តិចបន្តួចដែរ។
ក្រោយហេតុការណ៍នេះ អ្នករបួសបានទៅសម្រាកនៅមន្ទីរជ័យជំនះ ក្រុងតាខ្មៅ។ បន្ទាប់មកឳពុករបស់ខ្លួនបានទៅមើលអ្នករងគ្រោះ និងចេញថ្លៃព្យាបាលអស់២៣ម៉ឺនរៀល រួចអ្នករងគ្រោះបានត្រឡប់មកផ្ទះវិញនៅរសៀលថ្ងៃដដែល ព្រោះរបួសមានសភាពស្រាលតែប៉ុណ្ណោះ។
យុវជនរូបនេះ បន្តថា នៅពេលដែលជនរងគ្រោះមកដល់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីដោះស្រាយ ជាមួយខ្លួននោះ ស្រាប់តែលោកគី រីន នាយផ្នែកចរាចរណ៍បានដេញជនរងគ្រោះចេញ ហើយចេញមុខ មកចចារជំនួស ដោយទាមទារប្រាក់ចំនួន២០០០ដុល្លារ ព្រមទាំងគំរាមថា បើមិនព្រមសងទេ ត្រូវបញ្ជូនទៅថ្នាក់លើ និង ជាប់គុកហើយ។ ដោយសារតែខ្លួនមិនព្រមនោះ ទើបលោកគី រីន បានឃាត់ខ្លួន អស់មួយយប់នៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដោយសំអាងថាជាបញ្ជារបស់មេៗ គឺ លោកស្នងការរង លោកអធិការ និងអធិការរងហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។
ក្រោយមកជនរងគ្រោះបានមកចចារផ្ទាល់ យកត្រឹមតែ១លានរៀលប៉ុណ្ណោះ។ ដូច្នេះឪពុករបស់ខ្លួនក៏យល់ព្រម ហើយក៏សុំយកកូនទៅផ្ទះវិញ។ ប៉ុន្តែលោកគី រីន ប្រាប់ថា មេៗមិនអនុញ្ញាតិឱ្យចេញទេ បើចង់ចេញត្រូវបង់ប្រាក់ថ្លៃដោះស្រាយចំនួន១៥០ដុល្លារ ។ ដោយខ្លាចប៉ូលិសឃាត់ខ្លួនទុក មួយយប់ទៀតនោះ ឪពុកខ្លួនក៏ព្រមបង់ប្រាក់តាមការទាមទារនេះ។
ក្នុងពាក្យបណ្តឹងបានចាត់ទុកថា អំពើរបស់លោកគី រីន និងមេៗទាំងអស់នោះ គឺជាអំពើចាប់ឃុំ ឃាំងនិងបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់តែប៉ុណ្ណោះ។ ដូច្នេះសូមអោយតុលាការផ្តន្ទាទោសមាននគរបាលទាំង៤នាក់នេះតាមច្បាប់៕ ចេស្តា