ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសសុំការយោគយល់ដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងមូល ចំពោះការស្ទះចរាចណ៍ នាថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត។ លោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងទីក្រុងភ្នំពេញ បើចៀសបាន មិនបាច់ចេញឡានទេ ក្រែលោស្ទះ តែបើចាំបាច់ ចេញក៏ចេញ ហើយរកមើលផ្លូវណាដែលមិនស្ទះ នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់នេះ ដូច្នេះសូមយោគយល់។
តែយ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញរូបនេះ បានសន្យាថា នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២ ខែមិថុនា ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។
ការថ្លែងសុំការយោគយល់របស់លោកលោក ប៉ា សុជាតិវង្ស បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ខណៈដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីត្រួតពិនិត្យលទ្ធផលការដ្ឋាន ដាក់ប្រព័ន្ឋលូនិងស្ថាបនាផ្លូវលេខ៧៧BT ប្រវែងជិត៣គីឡូម៉ែត្រ នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
សូមបញ្ជាក់ថា ថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ! លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសហែក្បួនមនុស្សជិត៥ម៉ឺននាក់ ខណៈសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងចេញដឹកនាំសមាជិកផ្ទាល់ជាង១៥ម៉ឺននាក់ មានប្រវែងពេលហែរជាង៣០គីឡូម៉ែត្រ ពេញរាជធានីភ្នំពេញ ពោលក្បាលក្បួននៅរង្វង់មូលស្ពានជ្រោយចង្វារ និងកន្ទុយក្បួននៅផ្លូវ៦០ម៉ែត្រឯណោះ។
ក្បូនយុទ្ធនាការដ៏ធំសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល នឹងជួបជុំគ្នានៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ នឹងដង្ហែតាមដងវិថីពេញរាជធានីភ្នំពេញ។
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន មានសមាជិកចំនួន ជាង១៥ម៉ឺននាក់ ហែក្បួនពេញរាជធានីភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។ នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ដោយមិនសូវមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រ ឬអ្នកដង្ហែបក្សនយោបាយនោះឡើយ។ ភាពល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ដោយសារតែមានការៀបចំល្អពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដោយសារតែបក្សនយោបាយនៅកម្ពុជា កាន់តែមានភាពចាស់ទុំ៕ សំរិត