ព័ត៌មានទាន់ហេតុការណ៍៖

អ៊ឹង និមល ជោគជ័យខ្លាំងទាំងច្រៀង និងសម្តែង

ចែករំលែក៖

ភ្នំពេញ៖ ប្អូនស្រីលោក អ៊ឹង រដ្ឋា ហៅទុយ គឺកញ្ញាអ៊ឹង និមល មានសន្ទុះការងារហក់ឡើងខ្លាំងចាប់ពីដើមឆ្នាំ២០១៧មក។ នាងក្តាប់បានឱកាសសម្តែងភាពយន្តក្នុងតំណែងជាតួឯកពីររឿងព្រមគ្នា ជាមួយនឹងឱកាសច្រៀងនៅបរទេសផងដែរ។

ទីផ្សារ តារាសម្តែង និងបង្ហាញម៉ូដកញ្ញា អ៊ឹង និមល ហាក់ឡើងខ្លាំងក្នុងឆ្នាំនេះ ពិសេសបន្ទាប់ពីទទួលពានពីរផ្ទួនគ្នាពីកម្មវិធីប្រកួតប្រជែងមួយ។ កញ្ញាអ៊ឹង និមល បានលើកឡើងថា ចាប់ពីដើមឆ្នាំនេះមក នាងមមាញឹកខ្លាំងជាមួយការងារសិល្បៈ ពិសេសក្រោយពេលនាងសម្រេចចិត្តប្រឡូកនឹងការសម្តែងភាពយន្តមក។ ភាពយន្តភាគពីរគឺរឿង«នរណាជាឃាតក»របស់ស្ថានីយទូរទស្សន៍CTN និងរឿង«នាវាជីវិត»របស់ទូរទស្សន៍អប្សរា។ កញ្ញាថា នាងចង់សម្តែងយូរហើយ ប៉ុន្តែមិនមានពេលគ្រប់គ្រាន់។ នាងកាន់តែជឿជាក់ជាមួយអាជីពសម្តែង ក្រោយពីនាងទទួលបានពានពីរក្នុងកម្មវិធីអប្សរាAward គឺពានSuper Star និងពានគោរពពេលវេលា។ នាងបន្តថា ក្រៅពីរឿងនេះ នាងទទួលបានការសម្តែងជាច្រើនទៀត ប៉ុន្តែនាងបានបដិសេធ ព្រោះតែនាងគ្រោងចេញទៅច្រៀងរាំលើទឹកដីនៃប្រទេសអូស្ត្រាលីជាលើកទីពីរនៅពេលខាងមុខផងដែរ។

តារាស្រីវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ដែរថា ក្នុងពេលដ៏ខ្លីខាងមុខនេះ នាង និងសមាជិកក្រុមចម្រៀងCSM Girls គឺមាននាងកញ្ញាឌួង ហ្សូរីម៉ា កញ្ញាសោម ស្រីនាថ និងកញ្ញានៅ សូនីតាក៏គ្រោងនឹងចេញបទចម្រៀងOriginal Song ផ្ទាល់ខ្លួនរបស់ក្រុមដែរ ដែលនាងរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ នាងបន្តថា ប្រសិនបើបទចម្រៀងថ្មីរបស់ក្រុមនាងទទួលបានការគាំទ្រ ក្រុមនាងនឹងបន្តផលិតបទចម្រៀងសម្រាប់ក្រុមខ្លួនច្រៀងផងដែរ។ នាងរំពឹងថា ទស្សនិកជននឹងបន្តគាំទ្រស្នាដៃសម្តែង ច្រៀង និងបង្ហាញម៉ូតរស់នាងទៀត៕ វឌ្ឍនា


ចែករំលែក៖