ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងស្វាយរៀងចុះរៀបចំរបៀបរៀបរយសណ្ដាប់ធ្នាប់ផ្លូវសាធារណៈ ទីប្រជុំជន ខណៈគណបក្សប្រជាជនរាប់ពាន់នាក់ដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃស្អែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ អាជ្ញាធរក្រុងស្វាយរៀងបានដឹកនាំ​កំលាំងសមត្ថកិច្ចនគរបាលក្រុង សហការជាមួយនគរបាលចរាចរណ៍ខេត្តបានចុះរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ផ្លូវសាធារណៈ ទីប្រជុំជន ក៏ដូចជាជុំវិញផ្សារវាលយន្ត ដើម្បីកុំឲ្យមានការកកស្ទះងាយស្រួលក្នុងការហែ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃស្អែកក្នុងមូលដ្ឋាន ។

ការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងស្វាយរៀងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងតាមដងផ្លូវជាតិសំខាន់ៗ។

លោកឈីវ សារ៉ន អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា ដើម្បីឲ្យមានសណ្ដាប់ធ្នាប់សាធារណៈទូលំទូលាយ និងមានបរិស្ថានល្អ នឹងមានការប្រឡងប្រណាំងទីក្រុងស្អាត ហើយរូបលោកជាអជ្ញាធរមូលដ្ឋានក្រុងដឹកនាំសមត្ថកិច្ចនគរបាល ក៏ដូចជាកងរាជអាវុធហត្ថក្រុងបានចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញក្រុងជាប្រចាំ ខណៈក្រុមអាជីវករលក់ដូរមួយចំនួនមិនសូវយល់ដឹងអំពីអនាម័យ បរិស្ថានដោយបោះសំរាមពាសវាលពាសកាល និងលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ខណៈរូបលោកបានណែនាំជាច្រើនលើកច្រើនសារមកហើយ។

ប្រភពបន្តថា ជាក់ស្ដែងក្នុងថ្ងៃនេះ គឺបានរៀបចំសណ្ដាប់ធ្នាប់នៅមុខមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងតែម្ដង ខណៈដែលអ្នកលក់ដូមួយចំនួននៅតែមិនគោរពការណែនាំរបស់ក្រុង ចោលសំរាមគ្មានអនាម័យ គិតតែពិផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតផលប៉ះពាល់ផ្លូវសាធារណៈ និងបរិស្ថានអ្វីនោះទេ។

មិនតែប៉ុណ្ណោះនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការបិទការឃោសនារកសំឡេងឆ្នោត និងមានគណបក្សប្រជាជនដង្ហែច្រើនតាមដងផ្លូវជាតិសំខាន់ៗ ទើបអាជ្ញាធរក្រុងចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការពារដល់ពួកគាត់ផងដែរ។

យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ខេត្តស្វាយរៀង បានឲ្យដឹងថា មានអ្នកគ្រប់អាយុ ចុះឈ្មោះបោះឆ្នោត នៅទូទាំងខេត្តស្វាយរៀង ចំនួន ៣៩៩ ២៣៩នាក់ ប៉ុន្តែ អ្នកទៅចុះឈ្មោះបោះឆ្នោត បានចំនួន ៣២៨ ៦១២នាក់ ស្មើនិង៨៣,៣១ភាគរយ ៕ យឹម សុថាន


ចែករំលែក៖