ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីណាបើកជែងមិនមើលឧបសគ្គខាងមុខជ្រុលផ្តាច់ជីវិតយុវសិស្ស៣នាក់ស្លាប់ភ្លាមៗមួយរំពេច

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវសិស្ស៣នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកស៊ីណាបុកជាមួយម៉ូតូកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៥៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y 2809 បើកបរមានទិសដៅពីត្បូងទៅជើង ។ លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុបានបើកជែងរថយន្តមួយគ្រឿងទៀតនៅពីមុខរួចជ្រុលចង្កូតទៅបុកម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ទឹក មាស ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខក្នុង ទិសដៅបញ្ច្រាសទិសគ្នាជិះឌុបគ្នា៣នាក់ បណ្តាលឲ្យអ្នកជិះម៉ូតូទាំងបីនាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះទី១-ឈ្មោះ ជា វាយោ ភេទ ប្រុស អាយុ១៨ឆ្នាំ (ជាសិស្ស) មានទីលំនៅ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង អ្នកបើកម៉ូតូ(ស្លាប់), ទី២-អ្នករួមដំណើរឈ្មោះ លី ដាវ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ (ជាសិស្ស) មានទីលំនៅភូមិ គោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ ដំបង(ស្លាប់) និងទី៣-អ្នករួមដំណើរ ឈ្មោះប្រាថ្នា ភេទប្រុស អាយុ២០ឆ្នាំ (ជា សិស្ស) ទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់)។

ក្រោយកើតហេតុនគរបាលជំនាញបានចុះវាស់វែងរួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក រថយន្តនិងម៉ូតូសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកថ្មគោលដើម្បី បញ្ជូនបន្តទៅស្នងការដ្ឋានខេត្តបាត់ដំបងដោះស្រាយពេលក្រោយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖