កាលពីថ្ងៃទី៤ខែមិថុនា រដ្ឋមន្ត្រីក្រសួងការពារណជាតិ សឹង្ហបុរី លោក Ng Eng Hen បានប្រកាសថា អាមេរិក និងប្រទេស សមាជិក អាស៊ានបានត្រៀមល្ខណជួយដល់ហ្វីលីពីន នៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ។
គេហទំព័រ Channel news Asia បានផ្សាយថា នៅក្នុងពិធីបិទកិច្ចពិភាក្សា Shangri la លើកទី១៦ នៅសឹង្ហបុរី លោកNg Eng Hen បានឲ្យដឹងថា នេះជាការសន្យាដែលរដ្ឋមន្ត្រីការបរទេស អាមេរិក James Mattis និងបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន បានលើកឡើង ពីគោលបំណងចង់ជួយដល់ហ្វីលិពីន។
ពាក់ព័ន្ធនឹង ខ្មាន់កាំភ្លើងមានទំនាក់ទំនងជាមួយក្រុម IS ដែលបានគ្រប់គ្រងទីក្រុង ម៉ារ៉ាវី កោះមីនដាណាវ ប្រទេសហ្វីលីពីន លោកNg Eng Hen បានបញ្ជាក់ថា អាមេរិក សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី បានស្នើជួយដល់ប្រទេសហ្វីលីពីន ក្នុងការដោះស្រាយបញ្ហាភេរវកម្ម និងចារកិច្ចទៅលើ សកម្មភាព ផ្សេងៗទៀតនៅក្នុងប្រទេសនេះ។ ប្រទេសតំបន់អាស៊ានបានយល់យ៉ាងច្បាប់ពី ភាពស្មុគស្មាញ និងតានតឹងនៅទីក្រុងម៉ារ៉ាវី។
លោកNg Eng Hen បានបញ្ជាក់ទៀតថា « ទីក្រុងម៉ារ៉ាវី អាចក្លាយជាទីតាំង របស់ខ្មាន់កាំភ្លើងភេរវកម្មបរទេស ដូចជានៅក្នុងប្រទេសស៊ីរី ឬអីរ៉ាក់ ដែលជាក្តីបារម្ភ ដល់ប្រទេសក្នុងតំបន់ទាំងមូល» ។
តាមការប្រកាសរបស់លោកNg Eng Hen ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន បានចាប់ផ្តើមយាមល្បាតនៅតំបន់សមុទ្រ Sulu ដើម្បីរារាំង សកម្មភាពជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស ខុសច្បាប់ របស់ក្រុមភេរវកម្មនៅទីនោះ។ លោក Ng Eng Hen បានបញ្ជាក់ថាសឹង្ហបុរី បានត្រៀមលក្ខណៈជួយជានិច្ច នៅក្នុងពេលសមស្របណាមួយ។
ប៉ុន្តែ តាមការបញ្ជាក់របស់លោកNg Eng Hen ពាក់ព័ន្ធនឹងការខិតខំប្រឆាំងក្រុមភេរវកម្ម និងការវាយប្រហារតាមបែប «ចចកឯកោ» គឺវាយប្រហារដាច់ដោយឡែក របស់ភេរវកម្មនីមួយៗ ដូចជាការបាញ់ប្រហារនៅទីក្រុងម៉ានីលជាដើម បង្កផលលំបាក់យ៉ាងខ្លាំង ក្នុងសកម្មភាពតាមដានទប់ស្កាត់។
លោកNg Eng Hen បានបញ្ជាក់ទៀតថា «ប្រសិនបើ អ្នកណាម្នាក់អង្គុយនៅក្នុងបន្ទប់ម្នាក់ឯង ហើយ មើលរូបភាព និងការបញ្ចុះបញ្ចូលតាមគេហទំព័រ ហើយធ្វើសកម្មភាពវាយប្រហារតាមបែប «ចចកឯកា» គឺជាផលលំបាក់យ៉ាងខ្លាំងនៅក្នុងការទប់ស្កាត់ ។
លោកNg Eng Hen បានបន្តទៀតថា បញ្ហាភេរវកម្ម តាមបែប «ចចកឯកា » កំពុងក្លាយទៅជា ការវាយប្រហារភេរវកម្មដោយគ្រោះថ្នាក់បំផុត នៅលើពិភពលោក ដោយការវាយប្រហារនោះសម្តៅទៅលើពលរដ្ឋស្លូតត្រង់ នៅទីប្រជុំជន ៕ ម៉ែវ សាធី