ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអង់គ្លេសអំពាវនាវឲ្យពន្យារការបោះឆ្នោតដើម្បីដោះស្រាយបញ្ហាភេរវកម្ម

ចែករំលែក៖

 

កាលពីចុងសប្តាហ៍កន្លងទៅ នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស មានករណីវាយប្រហារភេរវកម្ម ដោយបើករថយន្តបំបុកអ្នកធ្វើដំណើរនៅលើស្ពាន ហើយភេរវក៣នាក់បានចុះពីរថយន្តយកកាំបិតដេញកាប់អ្នកដំណើរនៅក្នុងភោជនីយដ្ឋានក្នុងតំបន់ Borough Market កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។

ការវាយវប្រហារខាងលើបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និងជាង៤០នាក់រងរបួស ក្នុងនោះ មានអ្នករងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។ ជនរងគ្រោះជាច្រើនត្រូវភេរវករទម្លាក់ចូលក្នុងទន្លេ Thames និងមនុស្សមួយចំនួនក៏លោតចុះដោយខ្លួនឯងគេចពីរថយន្តបើកបុកក្នុងល្បឿនលឿន។ ប៉ូលិសបានបញ្ជាក់ថា ភេរវកម្ម៣នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ខាងលើ។ មេដឹកនាំជុំវិញពិភពលោកដូចជា អាមេរិក បារាំង ឥណ្ឌា បានចូលរួមរំលែកទុក្ខដល់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ផងដែរ ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារខាងលើ។

នេះជាការវាយប្រហារលើកទី២ហើយក្នុងរយៈពេល១២ថ្ងៃ ក្នុងប្រទេសអង់គ្លេសដែលជាប្រទេសអាចចាត់ទុកថាមានសុវត្ថិភាពបំផុត។ ការវាយប្រហារ លើទីមួយគឺនៅថ្ងៃទី ២៣ ខែឧសភា ក្នុងពិធីប្រគំតន្ត្រី ដែលមានការចូលរួម ពីតារាចំរៀង Ariana Grande បណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ ភាគច្រើនជាយុវជន។

ក្តីបារម្ភពីការវាយប្រហារភេរវកម្ម បានជះឥទ្ធិពលដល់សតិអារម្មណ៍របស់ពលរដ្ឋ និងជាក្តីកង្វល់ របស់អ្នកនយោបាយអង់គ្លេស នៅពេលដែលការប្រកួតប្រជែង សម្រាប់ការបោះឆ្នោត និងការទប់ស្កាត់ភេរវកម្ម។ ការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា តែសកម្មភាពឃោសនាបោះឆ្នោតត្រូវបានផ្អាក ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺពលរដ្ឋអង់គ្លេសបានបង្ហាញពីគោលបំណង ចង់ផ្អាក់ការបោះឆ្នោត ដើម្បីដោះស្រាយបញ្ហាភេរវកម្មឲ្យបានល្អសិន ធ្វើឲ្យពលរដ្ឋស្ងប់ចិត្តទើបមានអារម្មណ៍ទៅបោះឆ្នោត ។

កាលពីការបោះឆ្នោតឆ្នាំ២០០១ អង់គ្លេសក៏បានពន្យាពេលបោះឆ្នោត ផងដែរ ដោយសារតែពេលនោះ មាន ការផ្ទុះឡើងនៃជម្ងឺ អាសន្តរោគ ឆ្លងរាលដាល់យ៉ាងខ្លាំងនៅក្នុងប្រទេសនេះ។

ពាក់ព័ន្ធនិងការវាយប្រហារ នៅក្នុងប្រទេសអង់គ្លេសនោះដែរ ក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ ថា ជាសកម្មភាពរបស់ខ្លួន។

ក្នុងពេលនេះដែរ សារព័ត៌មាន Reuters បានឲ្យដឹងថា ស្ថានីយប៉ូលីស ប្រចាំនៅទីក្រុងឡុង ប្រទេសអង់គ្លេស បានចាប់ខ្លួន ជនសង្ស័យចំនួន១២នាក់ ក្រោយពីមានការ វាយប្រហារនៅម្តុំ ស្ពាននៃទីក្រុងឡុង ។

សូមបញ្ជាក់ថា មានមនុស្សប្រមាណ ៤៨នាក់ត្រូវរងរបួស និង៧នាក់បានស្លាប់ នៅក្នុងការវាយប្រហារមួយ ដោយក្រុមសង្ស័យ ហើយប៉ូលីស បានបាញ់សម្លាប់ អស់៣នាក់ នៅនឹងកន្លែងកើតហេតុ៕ ម៉ែវ សាធី


ចែករំលែក៖