ខេត្តព្រះសីហនុ៖ យុវជនជាកម្មករសំណង់ម្នាក់ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកចំការចេក ដើម្បីសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវបានក្រុមកម្មករសំណង់ដូចគ្នាចំនួន០២នាក់ យកអំ បែងដបចាក់អោយរងរបួសធ្ងន់។ ហេតុការណីនេះកើតឡើងនៅវេលាម៉ោង២២និង២៥ នាទី យប់ថ្ងៃទី០៤ឧសភាឆ្នាំ២០១៧នៅចំណុចភូមិ០៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជុំវិញករណីកាប់ចាក់គ្នា បើយោងតាមសំដីលោក វរៈសេនីយ៍ត្រី ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងថា ករណីចាក់គ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗក្នុងចំណោមជនសង្ស័យចំនួន០២នាក់ ដែលបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះម្នាក់ឯង បន្ទាប់ទាស់សំដីគ្នា មួយប្រាវ។ជនរងគ្រោះមានឈ្មោះ អ៊ុក រ៉ាមី ភេទ ប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកម្មកសំណង់ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នកន្លែងកើតហេតុត្រូវបានជនសង្ស័យចំនួន០២នាក់ឈ្មោះហ៊ឹម វិឆ័យ ភេទប្រុសអាយុ២៩ឆ្នាំ(ឃាត់ខ្លួនបានភ្លាមៗ)និងចន្ថា ភេទប្រុស ប្រហែលជាង២០ឆ្នាំដូចគ្នា រត់គេចខ្លួនក្រោយកើតហេតុភ្លាមៗ បានព្រួតគ្នាចាក់នឹងអំបែងដប បន្ទាប់ពីជនរងគ្រោះទាស់សំដីជាមួយឈ្មោះ ហ៊ឹម វិឆ័យ។
ដោយឡែកបើយោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាមុនកើតហេតុនៅចំនុចផ្ទះជួលកន្លែងកើតហេតុ មានពិធីផឹកស៊ី ស្រវឹងជោគជាំរៀងៗខ្លួនទើបបណ្តាលអោយកើតទំនាស់ពាក្យសំដីទៅវិញភាគិជនសង្ស័យនិង ភាគី ជនរងគ្រោះ រហូតធ្វើភាគីជនបង្ករបានយកដបស្រាដែលកំពុងផឹកវាយបំបែក រួចហើយស្ទុះទៅចាក់លើជនរងគ្រោះតែម្តង ឃើញស្ថានភាពនោះ ក៏ត្រូវបាននាក់ជិតខាងស្ទុះមកជួយ នឹងប្តឹងសមត្ថកិច្ច ភ្លាមនោះជនសង្ស័យម្នាក់បានរត់គេចខ្លួនមុនសមត្ថកិច្ចមកដល់បន្តិច។
ក្រោយកើតហេតុជនសង្ស័យម្នាក់ ដែលបានឃាត់ខ្លួនត្រូវបានបញ្ជូនខ្ឡួនទៅកាន់ការិយាល័យព្រហ្មទណ្ឌដោយឡែកជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចកំពុងតាមរកឃាត់ខ្លួន ៕ ឆ្លាម សមុទ្រ