ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្តបុកពីក្រោយស្លាប់យ៉ាងអាណោចអធ័មភ្លាមៗនៅហ្នឹងកន្លែង បន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រឡប់មកពីដើរលេងវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤មុខវត្តកំបូល ស្ថិតក្នុងសង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
សពមានឈ្មោះ សុត រតនា ភេទប្រុសអាយុ២១ឆ្នាំ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ខ្លូត សីហាប្រាថ្នា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងប្លាកទីន ទាំង២នាក់មានទីលំនៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល រីឯម៉ូតូជនរងគ្រោះម៉ាក ZoomerX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP-3969 ចំណែករថយន្តបង្កម៉ាក សាំងយ៉ុងពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 2AA-9110 ។
តាមសំដីរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេទាំង២នាក់ជិះម៉ូតូឌុបគ្នាត្រលប់មកពីដើរលេងនៅកោះពេជ្រគោលបំណងជិះទៅផ្ទះវិញនៅអង្គស្នួល ដោយរូបគេជាអ្នកឌុប ចំណែកម្នាក់ទៀតដែលស្លាប់គឺអង្គុយនៅពីក្រោយ ។ ពេលដែលរូបគេជិះតាមបណ្តោយផ្លូវជាតិលេខ៤មកដល់មុខវត្តកំបូល មានរថយន្តដឹកទំនិញធុនធំមួយគហរឿងបើកឆ្លងកាត់ផ្លូវ ឃើញដូច្នេះរូបគេក៏បន្ថយល្បឿនអោយរថយន្តដឹកទំនិញនោះឆ្លង ក៏ត្រូវរថយន្តបង្កបើកមកពីក្រោយបុកពេញទំហឹងតែម្តងទៅ ។
ប្រភពដដែលបន្តថាពេលបុកភ្លាមៗនោះរូបគេខ្ទាតចេញទៅម្ខាងរងរបួសស្រាល ចំណែកមិត្តភក្តិដែលអង្គុយពីក្រោយបានធ្លាក់នៅកណ្តាលថ្នល់ត្រូវរថយន្តកិនស្លាប់តែម្តងទៅ ។ បន្ទាប់ពីបុកហើយរថយន្តមិនបានឈប់មើលទេ គឺបានបន្ថែមល្បឿនបើករត់គេចរហូតដល់ព្រំប្រទល់បែកចានអង្គស្នូលទើបឃាត់បាន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែង និងបានយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ។ ដោយឡែក សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃនៅឯគេហដ្ឋាន ៕ សុខាសែនជ័យ