ព័ត៌មានទាន់ហេតុការណ៍៖

ត្អូញត្អែរប្រាប់ប្រពន្ធថា ចេះតែឈឺក្បាល ពិបាកចិត្តរឿងឪពុកឈឺស្រាប់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ គ្រាន់តែត្អូញត្អែរប្រាប់ប្រពន្ធថា ចេះតែឈឺក្បាល ពិបាកចិត្តរឿងឪពុកឈឺ មើលមិនជា ស្រាប់តែដាច់ចិត្តធ្វើអត្តឃាត(ចងក)ស្លាប់តែម្តង។

ហេតុការណ៍គួរឲ្យតក់ស្លុតនេះ កើតឡើងនៅវេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ង៉ែត ចំរើន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តល មានមុខរបរជាកសិករ ។

ប្រភពថា វេលាម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឈ្មោះង៉ែត ចំរើន និងឈ្មោះឆេង សុខគាង ជាប្រពន្ធ បានឡើងដេកលើផ្ទះជាមួយគ្នារហូតដល់វេលាម៉ោង០៤ និង៣០នាទី ជិតភ្លឺថ្ងៃទី៥ ខែមិថុនា ទើបប្រពន្ធចុះមកក្រោមផ្ទះ ស្រាប់តែឃើញប្តី ចងកស្លាប់ជាមួយធ្នឹមរោងគោ ទើបស្រែកឆោឡោឲ្យអ្នកជិតខាងជួយ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីជំនាញបច្ចេកទេសនគរបាលស្រុក និងប៉ុស្តិ៍ ពិនិត្យសពរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ប្រាកដមែន និងបានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

តាមការឲ្យដឹងពីប្រពន្ធជនរងគ្រោះ បានប្រាប់ថា៖ មុខពេលកើតហេតុពីរ បី ថ្ងៃ ជនរងគ្រោះចេះតែថ្ងូរប្រាប់គាត់ជាប្រពន្ធថា ខ្លួនចេះតែឈឺក្បាល និងពិបាកចិត្ត រឿងឪពុកឈឺមើលមិនជា ប៉ុន្តែគាត់ជាប្រពន្ធ មិននឹកស្មានថា ប្តីគាត់បែរជាដាច់ចិត្តចងកសម្លាប់ខ្លួនអីចឹងសោះ ៕


ចែករំលែក៖