ខេត្តបាត់ដំបង៖ ជាផ្នែកនៃផែនការទូទាំងប្រទេសដើម្បីផ្តល់ការការពារហិរញ្ញវត្ថុ ជូនដល់ប្រជាជនខ្មែរកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា កាលពីចុងសប្តាហ៍មុនកន្លងទៅ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបើកសម្ពោធសាខាទីមួយរបស់ខ្លួន នៅក្នុងខេត្តបាត់ដំបង ដែលសាខានេះជាទីតាំងបម្រើសេវាកម្មពេញលេញដំបូងគេ ដែលក្រុមហ៊ុនបានបង្កើតឡើងនៅក្រៅរាជធានីភ្នំពេញ។
អាគារសាខាថ្មីនេះដែលមានទីតាំងស្ថិតនៅអាគារលេខS6និងS7ផ្លូវជាតិលេខប្រាំ ចំកណ្តាលក្រុងបាត់ដំបង។ ព្រូដិនសលកម្ពុជាជឿជាក់ថា ការបើកសម្ពោធសាខាថ្មីក្នុងខេត្តបាត់ដំបងនេះ គឺជាការបោះជំហានធំមួយក្នុងដំណើរអភិវឌ្ឍន៍ និងពង្រីកវត្តមានរបស់ខ្លួនទៅតាមខេត្ត-ក្រុងសំខាន់ៗ ក្នុងប្រទេសកម្ពុជារួមមាន ដូចជាសៀមរាប ព្រះសីហនុ កំពង់ចាម និងខេត្ត-ក្រុងធំៗជាច្រើនទៀត។ ការពង្រីកវត្តមានថ្មីៗទាំងនោះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនព្រូដិនសលកម្ពុជាអាចផ្តល់សេវាកម្មពេញលេញ និងគ្រប់ជ្រុងជ្រោយជូនដល់អតិថិជនទាំងថ្មីនិងចាស់នៅទូទាំងប្រទេស ក៏ដូចជាអនុញ្ញាតឲ្យក្រុមហ៊ុនពង្រីកគម្រោងសកម្មភាពសង្គមរបស់ខ្លួនទៅដល់ខេត្ត-ក្រុងកាន់តែច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាការបើកសម្ពោធអាគារសាខាថ្មីសន្លាងនេះ គឺជាសញ្ញាដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួន ឲ្យទៅដល់ប្រជាជនខ្មែរនៅទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា“ព្រឹត្តិការណ៍នៅក្នុងពេលព្រឹកនេះ គឺជាលក្ខខណ្ឌបង្ហាញយ៉ាងច្បាស់លាស់មួយអំពីការខិតខំនៅក្នុងការបំពេញការងាររបស់យើង។ សាខាដែលបើកថ្មីនៅក្នុងខេត្តបាត់ដំបងនឹងផ្តល់ឱកាសឲ្យយើងទាំងអស់គ្នា ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាផលិតផលធានារ៉ាប់រងអាយុជីវិតកាន់តែច្រើនបន្ថែមទៀត ទៅដល់ក្រុមគ្រួសារនៃប្រជាជនកម្ពុជាដើម្បីបំពេញតម្រូវការរបស់ពួកគាត់ផ្ទាល់ផង និងអាចឲ្យពួកគាត់រក្សាបាននូវអនាគតមួយដែលមានស្ថិរភាពផង។
កម្មវិធីនៅពេលនេះពិតណាស់គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ មកទល់បច្ចុប្បន្ននេះក្រុមហ៊ុនព្រូដិនសលកម្ពុជា បាននិងកំពុងផ្តល់ការការពារ និងការរៀបចំផែនការហិរញ្ញវត្ថុល្អបំផុតដោយផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន អាចស្វែងរកបានដោយអតិថិជនទូទាំងប្រទេសតាមរយៈបណ្តាញទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតធំទូលាយនិងដៃគូសហការរបស់ក្រុមហ៊ុន គឺធនាគារអេស៊ីលីដាដែលបានផ្តល់ទីតាំងលក់ផលិតផលរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅក្នុងសាខាធនាគារអេស៊ីលីដាជាង១០០កន្លែងនៅទូទាំងប្រទេស។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរៀបចំផែនការហិរញ្ញវត្ថុតាមគ្រួសារ គឺជាកត្តាសំខាន់សម្រាប់អនាគតរបស់ក្រុមគ្រួសារ និងការសិក្សារបស់កូនចៅជំនាន់ក្រោយ។ លោកលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសូមមេត្តាចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុអនាគត និងកិច្ចការរៀបចំប្រាក់សន្សំសម្រាប់កូនៗនាពេលអនាគតផងដែរ។
កញ្ញាឆាត់ ឡេងច័ន្ទឆាយ៉ាតំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន លើកឡើងថា ក្រុមហ៊ុនព្រូដិនសលកម្ពុជាដែលបានសម្រេចនូវការរីកចំរើន ផ្នែកអាជីវកម្មគួរឲ្យកត់សម្គាល់។ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់នូវការខិតខំប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ឈានមកដល់ការសម្រេចបានលទ្ធផលជាទីមោទនៈគឺការបើកនូវការិយាល័យថ្មីបន្ថែម នៅខេត្តបាត់ដំបងនេះ៕ វឌ្ឍនា