ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ដែលលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែន និងសៀវភៅការងារនៅចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងរបស់លោកបានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោបានបន្តថា ក្រោយពេលចុះទៅត្រួតពិនិត្យជនអន្តោប្រវេសន៍នៅចំណុចខាងលើ សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម១១នាក់ ក្នុងនោះមានស្រី៤នាក់ កំពុងស្នាក់នៅខុសច្បាប់ រួចក៏ឃាត់ខ្លួនទាំងអស់តែម្តង។ក្រោយឃាត់ខ្លួន កម្លាំងជំនាញរកឃើញថា ជនជាតិវៀតណាមទាំងនេះ បានលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការនៅកម្ពុជា ខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន និងសៀវភៅការងារត្រឹមត្រូវ ។ករណីនេះសមត្ថកិច្ចរបស់លោកត្រូវបានបញ្ជូនពួកគេទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់អន្ដោប្រវេសន៍ ឬ បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ ៕ ប្រាថ្នា