ភ្នំពេញ៖ ក្រោយពីលែងលះភរិយាទី១ តារាកំប្លែងមាឌល្អិតចិត្តធំ ទេសស សុជន ហៅនាយក្រិន បានរួមរស់ជាមួយប្រពន្ធទីពីរស្អាតក្មេងនោះរយៈពេល៥ឆ្នាំហើយ ជាមួយនឹងភាពផ្អែមល្ហែមខ្លាំង។ ចំណងស្នេហ៍វ័យកន្លះទសវត្សរិ៍នេះ ពួកគេទទួលបានដំណក់ឈាមកូនប្រុស២នាក់ហើយដែរ។
មានការបញ្ជាក់ពីអ្នកសិល្បៈថា ប្រពន្ធទី២របស់នាងក្រិន ឈ្មោះយ៉ាយ៉ា បានរួមរស់ជាមួយនាយក្រិន ក្រោយពីនាយក្រិនលែងលះអតីតភរិយាដាច់ស្រេច។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាយក្រិនបានលើកឡើងថា រយៈពេល៥ឆ្នាំ វាពិតជាលឿនណាស់ សូមក្ដីស្រឡាញ់មួយនេះថិតថេររហូតទៅ បងស្រឡាញ់អូនខ្លាំងណាស់”។ ពាក្យមួយឃ្លានេះ បានធ្វើឲ្យមានការកោតសរសើរខ្លាំង និងស្ងប់ស្ងែងពីចំណងស្នេហ៍ខុសមាឌនេះ។
តារាកំប្លែងម្នាក់ក្នុងក្រុមនាយកុយបានបញ្ជាក់ថា នាយក្រិនបានសាងសុភមង្គលពេញបរិបូរណ៍ជាមួយប្រពន្ធទី២របស់ខ្លួន ហើយប្រពន្ធទី២ នាយក្រិនពិតជាស្រឡាញ់នាយរកលេខដាក់គ្មាន ទោះបីជានាងមានរូបសម្រស់ស្អាតសាច់សខ្ចី តែនាយក្រិនជាមនុស្សក្រិនតូចល្អិតក្តី។ ប្រពន្ធទី២របស់នាយក្រិន មានអាយុប្រហែល២៥ឆ្នាំហើយ នាយក្រិនតែងហៅថាអូនយ៉ា។ នៅពេលនេះ នាយក្រិននិងនាងយ៉ា មានកូនប្រុស២នាក់ ដែលកូនច្បងមានវ័យជាង៤ឆ្នាំហើយៗមានកម្ពស់ជិតស្មើឪពុកហើយដែរ។
តារាកំប្លែងរូបនេះ បានសរសើរអំពីភព្វវាសនារបស់នាយក្រិន ដែលទោះបីជាមានរូបរាងមិនសូវស្រស់ស្អាត ហើយខុសខ្នាតធម្មជាតិទៀត តែយ៉ាងណាតារារូបនេះមានមន្តស្នេហ៍ទាក់ទាញមានប្រពន្ធម្នាក់ហើយម្នាក់ទៀតមិនចាញ់តារាដទៃនោះទេ។
ប្រភពដដែលបញ្ជាក់ដែរថា នាយក្រិនស្រឡាញ់ប្រពន្ធទី២ណាស់ នាយចេះប្រឡែងលេងសើចជាមួយប្រពន្ធកូនទៀតផង ហើយនាងយ៉ា ជាប្រពន្ធក៏ស្រឡាញ់នាយក្រិនបាត់មុខមិនបានដែរ រីឯកូនទី២ នាយក្រិនក៏មានកាយសម្បទាគ្រប់លក្ខណៈ និងស្រស់ស្អាតទៀតផង។ មានការលើកឡើងថា អ្នកដែលថា នាយក្រិនមិនកើតពេលនេះនិយាយលែងចេញហើយ ព្រោះបើសរុបទាំងប្រពន្ធមុន និងប្រពន្ធក្រោយគឺនាយក្រិនមានកូនរហូតដល់ទៅ៣នាក់ គឺសមត្ថភាពមិនចាញ់បុរសមានរូបរាងកាយខ្ពស់ស្រឡះឡើយ។ អ្វីដែលគួរឲ្យច្រណែនគឺពួកគេបានសាងសុភមង្គលជាមួយគ្នាបានខុសពីគូស្នេហ៍អ្នកសិល្បៈមួយចំនួនដែលមានស្នេហ៍មិនយូអង្វែង៕ វឌ្ឍនា