ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុករថយន្តFrontierបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រមួយគ្រឿងបានបើកបុករថយន្តFrontier ខណៈបើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតធ្លាក់កាងមុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧​ នៅចំណុចមុខប៉ុស្តិ៍២៤ម៉ោង ផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Frontier​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ2AL 0952 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវវេងស្រេង ក៏ឆ្លងផ្លូវបំណងបត់ទៅលិច ស្រាប់តែមានរថយន្តកុងតឺន័រក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 3A 3756 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលបុកចំផ្នែកក្បាលរថយន្ត Frontier បណ្តាលឲ្យរងការខូចខាតធ្លាក់កាងរថយន្ត។

សាក្សីដដែលបានបន្តថា​ បន្ទាប់ពីគ្រោះថ្នាក់រួចតៃកុងរថយន្តកុងតឺន័របាន ចុះពីរថយន្តហើយគេចខ្លួនបាត់ធ្វើឲ្យមានការកកស្ទុះចរាចរណ៍ផងដែរ។

មួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ចេញមុខមកដោះស្រាយ តែដោយសារតែភាគីទាំងសងខាងប្រកែកយកត្រូវរៀងខ្លួនទើបសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖