ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ព្រួយបារម្ភពីសង្គ្រាមកើតឡើងរវាង អារ៉ាប៊ីសាអ៊ូឌីត នឹងកាតារ ក្រោយកាត់ ផ្តាច់ទំនាក់ទំនង

ចែករំលែក៖

អ្នកឯកទេសយោធា បាននិយាយទៅ កាន់សារព័ត៌មាន Sputnik របស់រុស្ស៊ីថា ការដែលសាវឌីអារ៉ាប៊ីកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតារគឺជាការត្រៀម លក្ខណៈ សម្រាប់ឈ្លានពានប្រទេសជិតខាងមួយនេះ។

សារព័ត៌មាន Sputnik ថ្ងៃទី៦ខែមិថុនា បានដកស្រង់សម្តីលោក Ali Al Ahmed អ្នកឯកទេស តំបន់ឈូងសមុទ្រ ដែល បានឲ្យដឹងថា ការសម្រេចកាត់ផ្តាច់ទំនាក់ ទំនង ជាមួយប្រតេសកាតាររបស់ប្រទេស សាវ​ឌី អារ៉ាប៊ី គឺជាការចាប់ផ្តើមនៃគម្រោងឈ្លានពានប្រទេស សម្បូរប្រេងមួយនេះ។

លោក Ahmed បញ្ជាក់ទៀតថា«ខ្ញុំគិត​ថា នោះជាការឈ្លានពានកាតារ។ ខ្ញុំទទួលបានព័ត៌មានស្តីពីសកម្មភាពចល័តយោធារបស់ប្រទេសសាវឌីអារ៉ាប៊ីនៅជិតព្រំដែនកាតារ។ សកម្មភាពទាំងនោះជាការប៉ុនប៉ងឈ្លានពានជាក់ជាមិនខាន» ។ លោកបន្ត ទៀតថា ការវាយប្រហារទៅលើប្រទេស កាតារអាចនឹងកើតឡើងយ៉ាងឆាប់រហ័សលើសពីការស្មានរបស់សហគមន៍អន្តរ​ជាតិ។

លោក Ahmed បញ្ជាក់ទៀតថា «ប្រសិន បើ សាវឌីអារ៉ាប៊ី ផ្អាកសកម្មភាពនៅក្នុង ប្រទេសយេម៉ែន នោះ គឺជាការប្រមូល កម្លាំងដើម្បីវាយប្រហារទៅលើប្រទេស កាតារ »។លោកក៏បានបង្ហាញពីក្តីបារម្ភថា អាមេរិក នឹងនៅពីក្រោយការវាយប្រហារ​ទាំងនោះ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក​លោក Rex Tillerson គឺជាអ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជវង្ស សាវឌី អារ៉ាប៊ី ក្នុងរយៈពេល១៥ឆ្នាំកន្លងមក និង ជាប្រធានក្រុមហ៊ុនប្រេង ExxonMobil ។

ការព្យាកររបស់លោក Al Ahmed ពិបាកក្នុងការជឿទុកចិត្ត ដោយសារតែ អាមេរិកមានទីតាំងទ័ពអាកាសនៅលើទឹកដីកាតារ ដែលមានទាហានអាមេរិកជាង១មឺុននាក់នៅទីនោះ និងជាទីបញ្ជាការ កណ្តាលរបស់កម្លាំងទាហានអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ រាល់ការបញ្ជាវាយប្រហារក្រុមភេរវកម្ម IS គឺបានបញ្ជាចេញ ពីទីតាំងខាងលើ។ បើទោះបីអាមេរិក បាន​គាំទ្រ ពីការផ្តាច់ទំនាក់ទំនងដោយសារតែ មានសកម្មភាពប្រឆាំងអីុរ៉ង់ ពេលកាតារ ជួយដល់អីុរ៉ង់នោះ អាមេរិកក៏បានអំពាវនាវដល់ប្រទេសពាក់ព័ន្ធរក្សាការអត់ធ្មត់ ស្វែង រកដំណោះស្រាយសមស្របផងដែរ។

ប្រសិនបើ សាឌីអារ៉ាប៊ីវាយប្រហារ ប្រទេសកាតារនោះ ប្រទេសជាច្រើននៅ​ក្នុងតំបន់នឹងគាំទ្រ សាវឌីអារ៉ាប៊ី ក្នុងនោះ មានប្រទេស អេហ្ស៊ីប អារ៉ាប់រួមបារ៉ែនជា ដើម។

ខ្យល់ព្យុះពាក្យសម្ដី កំពុងបោកបក់មកលើប្រទេសអារ៉ាប់តំបន់ដើមបូព៌ា ឈូង​សមុទ្រពែក្ស។ កាតារជា កូនប្រទេសមហា​សេដ្ឋីអារ៉ាប់ កំពុងត្រូវគេឡោមព័ទ្ធដោយពាក្យសម្តីចោទប្រកាន់។ អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន អេហ្ស៊ីប និងអេមៀរ៉ាត់អារ៉ាប់រួម បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់ នៅវេលា ព្រឹកថ្ងៃចន្ទ ទី៥ មិថុនាថា ប្រទេសរបស់គេ បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជា មួយកាតារ។ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បានផ្សាយថា អារ៉ាប៊ីសាអ៊ូឌីត នឹងបិទទូត ហើយបិទព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមួយនឹងកាតារ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានលើកឡើងថា អារ៉ាប៊ីសាអូឌីត បាន ចេញវិធានការនេះ គឺដើម្បីការពារសន្តិសុខអារ៉ាប៊ីសាអូឌីត ព្រោះថាកាតា បានចូលរួមគាំទ្រក្រុមចលនាភេរវកម្ម និងពួកជ្រុល និយម។

ដោយឡែក ប្រទេសអេហ្ស៊ីបវិញ បាន​បញ្ជាក់ថា គេបានសម្រេចផ្តាច់ទំនាក់ទំនងការទូត ជាមួយកាតារនេះ ក៏ដោយសារ តែកាតា បានបង្កើនគោលនយោបាយ ប្រឆាំងនឹងរដ្ឋាភិបាលអេហ្ស៊ីប កាន់តែខ្លាំង ឡើងៗ។ ចំណែកអេមៀរ៉ាត់ អារ៉ាប់រួម និងបារ៉ែន បានបញ្ជាក់ថា ចាប់ពីថ្ងៃអង្គារ ទៅ គេនឹងបិទ មិនឲ្យមានជើងយន្តហោះ ហើរ ជាមួយនឹងប្រទេសកាតារទេ រហូត ទាល់តែមានការចេញបទបញ្ជាថ្មី។

ប្រជាជនកាតារ នៅតាមប្រទេសទាំង ៤នេះ មានពេល១៤ថ្ងៃ ដើម្បីចាកចេញពី ប្រទេសគេ ហើយចំណែកបុគ្គលិក មន្ត្រី ការទូតរបស់កាតារ មានពេល៤៨ម៉ោង ដើម្បីចាកចេញ។ ប្រទេសទាំងបួននេះ ក៏បានហាមឃាត់ប្រជាជនខ្លួនមិនឲ្យធ្វើ​ដំណើរទៅកាន់ប្រទេសកាតារដែរ។ សម្ព័ន្ធយោធាអារ៉ាប់ ដែលដឹកនាំដោយ​អារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងតែធ្វើប្រតិបត្តិការនៅយេមែន នោះ ក៏បានសម្រេចដក កាតារចេញដែរ។

ជារួម ប្រទេសទាំងបួន មានអារ៉ាប៊ីសា អ៊ូឌីត អេមៀរ៉ាត់អារ៉ាប់រួម បារ៉ែន និង អេហ្ស៊ីប បានចោទប្រទេសកាតារ ថាបាន គាំទ្រចលនាភេរវកម្ម មានដូចជា ចលនា អាល់កៃដា ចលនាបងប្អូនអ៊ិស្លាម និងចលនាជីហាដអង្គការរដ្ឋអ៊ិស្លាម។

បច្ចុប្បន្នមានប្រទេសជាច្រើនបានកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយប្រទេស កាតារ ដោយកន្លងមកមាន៥ប្រទេសរួច មកហើយដែលបានកាត់ផ្តាច់ទំនាក់ទំនង ។ នៅពេលនេះដែរ សូម្បីតែប្រទេសលីប៊ីក៏ផ្តាច់ទំនាក់ទំនងផងដែរ។

នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅមុននេះបន្តិច ។

យោងតាមការចុះផ្សាយ របស់បណ្តា សារព័ត៌មានធំៗ នៅលើពិភពលោក មាន ដូចជា BBC ជាដើម បានចុះផ្សាយថា ប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស ដែល មានដូចជា អារ៉ាប៊ី សាអ៊ូឌីត បារ៉ែន សហភាព អារ៉ាប់រួម យេម៉ែន និងអេហ្ស៊ីប បាន ប្រកាសជាសកលថា ពួកគេបានកាត់ផ្តាច់ចំណងការទូតជាមួយប្រទេសកាតារ ហើយ ដោយបានចោទថា ជាប្រទេសនៅពី ក្រោយខ្នង ក្រុមរដ្ឋអ៊ិស្លាម និងអាល់កៃដា ជាដើម ។

នៅពេលនេះដែរ ពលរដ្ឋកាតារនាំគ្នាទៅទិញស្បៀងអាហា តម្កល់ទុកដោយខ្លាចមានវិបត្តិកើតឡើង ក្នុងនោះមានវិបត្តិខ្វះស្បៀងអាហារ ដោយសារតែកាតារនាំ ស្បៀងអាហារចូលពីបរទេស៕ ម៉ែវ សាធី


ចែករំលែក៖