មន្ត្រីអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ាបានថ្លែងថា នាវា និងឧទ្ធម្ភគចក្របានប្រតិបត្តិការស្វែងរកនៅធ្យូងសមុទ្រភាគខាងត្បូងមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ហោះហើរលើសមុទ្រ Andaman ជាមួយមនុស្ស១២០នាក់ មានទាហាន សមាជិកក្រុមគ្រួសារ និងអាកាសយានិកនោះបានបាត់ខ្លួន ។
មន្ត្រីបានបន្តថា យន្តហោះយោធានេះផលិតនៅប្រទេសចិន Y-8-200F ប្រភេទដឹកជញ្ជូន បានចេញពីទីក្រុងធ្យូងសមុទ្រ Myeik នៅវេលាម៉ោង១និង៦នាទីរសៀល ម៉ោងនៅក្នុងតំបន់ ឆ្ពោះទៅកាន់ភាគខាងជើងមីយ៉ាន់ម៉ា ទីក្រុង យ៉ាំងហ្គូន ដែលជាការហោះហើរប្រចាំសប្តាហ៍ និងចុះចតនៅទីក្រុងឈូងសមុទ្រជាច្រើនទៀត តាមផ្លូវដែលឆ្ពោះទៅនោះ ។
ប្រភពព័ត៌មានពីយោធាបានថ្លែងថា យន្តហោះបានបាត់ទំនាក់ទំនងវេលា២៩នាទី ក្រោយពីចេញដំណើរ ហោះហើរក្នុងកម្ពស់១៨.០០០ហ្វីត(feet) ពីលើសមុទ្រ និងប្រហែល៤៣ម៉ៃល៍ ពីភាគខាងលិចទីប្រជុំជន Dawei ។
លោក Kyaw Kyaw Htey មន្ត្រីអាកាសចរណ៍ស៊ីវីលនៃអាកាសយានដ្ឋាន Myeik បានថ្លែងថា យើងមិនទាន់ដឹងមូលហេតុពិតប្រាកដដែលនាំឲ្យយន្តហោះបាត់ទំនាក់ទំនងនៅឡើយទេ ។
ដើមឡើយ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថ្លែងថា មនុស្ស១០៥នាក់នៅលើយន្តហោះនោះ ។ ក្រោយមក បានកែតម្រូវថា មាន១០៦នាក់វិញ ក្នុងនោះមានយោធា ក្រុមគ្រួសាររបស់ពួកគេ និងអាកាសយានិក១៤រូបផង ។ យន្តហោះនេះអាចដាក់មនុស្សបានច្រើនបំផុតត្រឹមតែ២០០នាក់ប៉ុណ្ណោះ ។
នៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ននេះគឺជារដូវវស្សា ។ ប៉ុន្តែបើតាមលោក Kyaw Kyaw Hteyថ្លែងថា អាកាសធាតុស្ថិតនៅក្នុងដំណាក់កាលមួយល្អប្រសើរជាធម្មតានោះទេ អំឡុងពេលដែលយន្តហោះចេញដំណើរ ។
កងកម្លាំងយោធាមីយ៉ាន់ម៉ាចាប់ផ្តើមប្រតិបត្តិការស្វែងរកភ្លាមៗក្រោយយន្តហោះនេះបានបាត់ខ្លួន ដោយចេញនាវា៦គ្រឿង និងឧទ្ធម្ភាគចក្រយោធា៣គ្រឿង ។ នេះបើតាមការប្រកាសរបស់កម្លាំងយោធា ។ ការស្វែងរកនៅតែបន្តបើទោះបីយប់ងងឹតក៏ដោយ ។
លោក Naing Myo Thwin ប្រធានសមាគមសាកសពក្នុងតំបន់ថ្លែងថា មនុស្សពី៣០០ទៅ៤០០នាក់ ក្នុងនោះ មានក្រុមពន្លត់អគ្គីភ័យ ក្រុមគ្រូពេទ្យ សង្គ្រោះបន្ទាន់ និងមន្ត្រីសុខុមាលភាព បានជួបជុំនៅច្រាំងសមុទ្រ ជិតទីក្រុង Launglon មិនឆ្ងាយប៉ុន្មានពីទីកន្លែងដែលក្រុមប្រតិបត្តិការរុករក ។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Naing Myo Thwin ថា យើងមិនទាន់ឃើញបំណែកឯណានីមួយនៃយន្តហោះដែលបាត់ខ្លួននោះសោះឡើយរហូតមកដល់ពេលនេះ ៕ ថាច់ យ៉ាត