ខេត្តបាត់ដំបង៖ យុវជនសង្ស័យម្នាក់ រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកថ្មគោល ជាប់ចោទធ្វើសកម្មភាពចាប់ស្រ្តីវិកលចារឹកម្នាក់ រំលោភបានសម្រេចកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវលំក្នុងភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ផង់ សុភាពអធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យអនុវត្តតាមបណ្តឹងរបស់អាណាព្យាបាលស្រ្តីរងគ្រោះ ដែលបានឃើញជនសង្ស័យធ្វើសកម្មភាពចាប់កូនស្រីរបស់គាត់នៅចំណុចខាងលើ។ ជនសង្ស័យមានឈ្មោះ សំ សឿន អាយុ១៧ឆ្នាំ ចំណែកស្រ្តីរងគ្រោះមានឈ្មោះន.ផ.រ. ។
លោកអធិការប្រាប់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានដើរនៅលើផ្លូវលំ ក្នុងភូមិនៅពេលយប់អធ្រាត្រមានសភាពស្ងាត់ជ្រងំទៅហើយ ។ លុះបន្ទាប់មកឪពុកម្តាយស្រ្តីរងគ្រោះបានដើររកកូន ស្រាប់តែឃើញជនសង្ស័យបានកំពុងធ្វើសកម្មភាពចាប់ស្រ្តីរងគ្រោះ ដែលជាកូនរបស់គាត់នោះតែម្តង។ ក្រោយមកអាណាព្យាបាលស្រ្តីរងគ្រោះបានមកដាក់ពាក្យប្តឹងជនសង្ស័យ។
លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ត្រូវបានចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា