ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយពីតួូលេខករណីអាជ្ញាធរ សមត្ថកិច្ច ជំនាញជិត៣០ស្ថាប័នយកលុយពីបទល្មើស ដឹកជញ្ជូនឈើខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គ្មានអាថ៌កំបាំងទេ រាល់សកម្មភាពនៃអំពើពុករលួយ ប្រសិន បើសមត្ថកិច្ច អាជ្ញាធរ និងជំនាញជាច្រើន ស្ថាប័នបានពាក់ព័ន្ធទៅនឹងការទទួលយក នូវសំណូកពីឈ្មួញដឹកជញ្ជូនឈើល្មើស ច្បាប់​ ។ ជាក់ស្តែងរាល់ជំនួញឈើល្មើស ច្បាប់នៅខេត្តស្ទឹងត្រែងគឺមាន អាជ្ញាធរ សមត្ថកិច្ចជំនាញ រហូតជិត៣០ស្ថាប័ន បានពាក់ព័ន្ធក្នុងការទទួលសំណូកពីឈ្មួញ និងមានតួលេខច្បាស់លាស់ ក្នុងមួយស្ថាប័ន ចាប់ពី១០ម៉ឺនរៀលទៅ៣០០ដុល្លារ ក្នុងរថ យន្តដឹកជញ្ជូនឈើឆ្លងកាត់ខេត្តមួយនេះ ។

ខាងក្រោមនេះគឺជាចំនួនតួលេខដែល គេទម្លាយពីឈ្មួញបង់ប្រាក់ឲ្យក្នុងនោះ សម្រាប់រថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ដឹកឈើចេញពី ស្រុកសៀមប៉ាងឆ្លងកាត់​ ទីរួមខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ចំណុចចាំទទួលទិញស្រែពក រវាងព្រំប្រទល់ខេត្តស្ទឹង ត្រែង-រតនគិរី គឺឈ្មួញត្រូវចំណាយលុយ យ៉ាងលំអិតដូចខាងក្រោម ៖

១-ត្រូវបង់លុយឲ្យអភិបាលនៃគណៈ អភិបាលស្រុកសៀមប៉ាង ក្នុង១រថយន្តពី មុនតម្លៃត្រឹម១០០ដុល្លារ បច្ចុប្បន្នលោក អភិបាលស្រុកតម្រូវឲ្យបង់១រថយន្តសាំយ៉ុង ១៥០ ទៅ២០០ដុល្លារ ,២-សមត្ថកិច្ចស្រុក ១០០ដុល្លារ , ៣-លោក ជា សំណាង (សមត្ថកិច្ច) ១០០ដុល្លារ ,៤-ផ្នែកសឹករង ១៥ម៉ឺនរៀល , ៥-បរិស្ថានស្រុក៦ម៉ឺនរៀល ,​៦-បរិស្ថានខេត្ត១៥ម៉ឺនរៀល ,៧-នគរបាល សេដ្ឋកិច្ចខេត្ត ១៥ម៉ឺនរៀល ,៨-អធិការ នគរបាលស្រុកសៀមប៉ាង ១០០ដុល្លារ , ៩-ខាងមន្ទីរអធិការកិច្ច១៥ម៉ឺនរៀល ,១០- តាមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលឆ្លងកាត់ ចាប់ពីស្រុកសៀមប៉ាងដល់ស្រែពក បង់​ មួយប៉ុស្តិ៍១០ម៉ឺនរៀល ,១១-នាយផ្នែករដ្ឋ បាលព្រៃឈើសៀមប៉ាង៣០ម៉ឺនរៀល , ១២-នាយសង្កាត់នីមួយៗ១៥ម៉ឺនរៀល , ១៣-នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាប់ ពី១០០ដុល្លារឡើង (ហាងឆេងមិនទៀង ទាត់) ,១៤-ទាហានព្រំដែន បូកជាមួយ យោធាខេត្តប្រចាំការនៅព្រំដែន ១២ម៉ឺន រៀល ,១៥-នគរបាលព្រំដែន៥០ម៉ឺន ,​១៦-តាម ស្នាក់ការ មួយស្នាក់ការ១០ម៉ឺន រៀល ,១៧-នគរបាលសេដ្ឋកិច្ចក្រសួងបង់ ឲ្យមេប្រចាំទិស១០ម៉ឺនរៀល កូនចៅឈរ រាប់ក្បាលរថយន្ត១០ម៉ឺនរៀល ហើយ ឈ្មោះហែម សុមុនី ហៅ ម៉ៅ មេនគរបាល សេដ្ឋកិច្ចក្រសួងឈរជើងនៅទីនោះ កំណត់ ១រថយន្តយក៣០ម៉ឺនរៀល , ១៨-ខាងមន្ទីរ កសិកម​្មខេត្ត ៥០ម៉ឺនរៀល , ១៩-សមត្ថកិច្ច ឈ្មោះ M-7 យកមួយរថយន្ត៣០០ដុល្លារ ក្នុងនោះឮថា ចំណាយរត់ការទៅឲ្យខាង ព្រះរាជអាជ្ញាមួយរថយន្ត២០ម៉ឺនរៀល លើសពីសម័យលោក ជា ពេជ្រ មួយរថ យន្តត្រឹម១០ម៉ឺនរៀល , ២០-សមត្ថកិច្ចក្រុង ស្ទឹងត្រែង១រថយន្ត៣០ម៉ឺនរៀល ,២១- ទាហានផ្នែកចារកិច្ច មួយរថយន្ត៥០ម៉ឺន រៀល ,២២-ចៅហ្វាយខេត្ត មួយរថយន្ត ២៥០ដុល្លារ ក្នុងនោះមានមន្រ្តីខេត្តជាអ្នក ចេញមុខទទួលសំណូកន​េះ ហើយហាម ដាច់ខាតមិនឲ្យឈ្មួញនិយាយថា​បង់លុយ ឈើឲ្យចៅហ្វាយខេត្តឡើយ ។ ចំពោះ ករណីបែបនេះកន្លងទៅក៏ប្រទាញប្រទង់គ្នាជាមួយអភិបាលរងខេត្ត ព្រោះថាខាង ចៅហ្វាយខេត្តបើកភ្លើងខៀវឲ្យឈើចេញ ខាងអភិបាលរងដែលមិនបានលាភសក្ការ ក៏នាំទាហានទៅបង្អើលក្រុមឈ្មួញឈើ បង្កើតឲ្យមានបញ្ហាស្មុគស្មាញដល់ឈ្មួញឈើ ចំណាយក្រៅខ្ទង់បន្ថែម ។

ជាទូទៅក្នុងមួយយប់មានរថយន្តសាំ​ យ៉ុងដឹកឈើពី៦ទៅ៧គ្រឿង ឬ១០គ្រឿង ចេញពីសៀមប៉ាងទៅស្រែពក ។ ដោយ ឡែកនៅក្នុងខេត្តវិញ ក្នុងមួយថ្ងៃមានន័យ ថា ដឹកទាំងយប់ទាំងថ្ងៃ មានប្រមាណពី ១០ទៅ១២សាំយ៉ុង ដោយគេគ្រាន់តែប្រើ រូបភាពបង្កប់ឈើត្រឹមកញ្ចក់ បន្លំជាប្រភេទ រថយន្តដឹកអ្នកដំណើរ ទេសចរណ៍ឬរថយន្ត ឈ្នួល ក្នុងនោះគេបង់ឲ្យសមត្ថកិច្ចដែល ពាក់ព័ន្ធនៅក្នុងខេត្ត ក្នុងមួយស្ថាប័នពី៣០ ទៅ៥០ដុល្លារសម្រាប់១រថយន្ត (ចេញពី ខេត្តទៅកាន់ស្រែពក) ។ ចំពោះសមត្ថកិច្ច មួយផ្សេងទៀត ដែលហោះពីគ្រហែងមេឃ ទៅប្រចាំខេត្តស្ទឹងត្រែង មានអំណាចជាង សមត្ថកិច្ចដទៃ ប៉ុន្តែទទួលសំណូកតិចជាង សមត្ថកិច្វនៅទីនោះ ដោយក្នុងមួយរថយន្ត ចេញពីសៀមប៉ាងទៅស្រែពកយកតម្លៃ ត្រឹមតែ១៥០ដុល្លារ។ ពេលខ្លះចេញ១០​គ្រឿងគេរាយការណ៍ដោយភូតកុហក​ត្រឹមតែ៤ទៅ៥គ្រឿងប៉ុណ្ណោះ ។ ករណី​រថយន្តសាំយ៉ុងដឹកឈើចេញពីក្រុងស្ទឹងត្រែងទាំងយប់ទាំងថ្ងៃបង្កប់ឈើត្រឹមកញ្ចក់ សមត្ថកិច្ចដទៃមួយរថយន្តបាន៥០ដុល្លារ តែសមត្ថកិច្ចពីគ្រហែងមេឃនេះបានត្រឹមតែមួយរថយន្ត១០ម៉ឺនរៀល ឬ៣០ដុល្លារ ក្នុងនោះចេញ១២រថយន្ត គេប្រាប់ត្រឹមតែ ៤ទៅ៥រថយន្តប៉ុណ្ណោះ ខណៈពួកគាត់ខ្វះ ព័ត៌មានកម្លាំងមានចំនួនតិច និងរអារផង ដែរ​ក្នុងការទទួលសំណូក ។

មុខសញ្ញាឈ្មួញដឹកជញ្ជូនឈើនៅខេត្ត ស្ទឹងត្រែងរួមមាន ៖

១-ឈ្មោះ កាំង ,២-ឈ្មោះទូ ,៣-ឈ្មោះ ដុង,៤-ឈ្មោះ បូរី , ៥-ឈ្មោះ ខៀន ,៦-ឈ្មោះ គ្នី (អតីតមេការយាយព្រឿង) ។ ក្នុង ចំណោមឈ្មួញទាំងនេះ ពួកគេក៏មានភារ កិច្ចបន្ថែម គឺជាអ្នករត់ការយកលុយមកបង់ ឲ្យសមត្ថកិច្ច អាជ្ញាធរ ជំនាញ ដូចការបញ្ជាក់ ខាងលើ ។ មិនតែប៉ុណ្ណោះ ឈ្មោះហែម សុមុនី នគរបាលសេដ្ឋកិច្ចក្រសួង ក៏ជាអ្នក ឃុបឃិតគ្នាជាមួយឈ្មួញខ្មែរ និងឈ្មួញ វៀតណាម លើការងាររត់ការយកលុយបង់ ឲ្យសមត្ថកិច្ច ជាលក្ខណៈចំហរ ។

អំពីពុករលួយទាំងនេះ ត្រូវបានបែក ធ្លាយដូចបែកពាងប្រហុក ប្រហែលជាជិត ២ខែមកហើយ ខណៈហែកប្រយោជន៍ ចែកគ្នាស៊ីមិនស្មើភាព លាក់លៀម ស៊ីដាច់ គ្នាទៅវិញទៅមក ។

គេកំពុងឆ្ងល់ថា ហេតុអ្វីក៏អស់លោក ទាំងនោះយកតួនាទីភារកិច្ច បម្រើការងារ អង្គភាពជូនរដ្ឋទៅប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើក្នុង ខេត្តស្ទឹងត្រែងនេះទៅវិញ? ដូច្នេះបើអំពើ ពុករលួយនេះ ពិតជាមានមែននោះឃើញ ថា​ ការយកលុយពីឈ្មួញកើតឡើង​ជា​លក្ខណៈប្រព័ន្ធ ដែលសមត្ថកិច្ចមិនមាន​សមត្ថភាពបង្ក្រាបបទល្មើសព្រៃឈើ (ដេក​មិនលក់…ធ្វើដេកលក់…) ។ បើ​ទោះ​ជាករណីខាង លើមិនទាន់ជាការពិតដូចតួលេខនៃអំពីពុករលួយនេះយ៉ាងណាក៏ដោយគួរណាស់តែអភិបាលនៃគណៈអភិបាលខេត្ត ក៏ដូចជាថ្នាក់លើស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការ ស្រាវជ្រាវរកឲ្យឃើញ រាល់អំពើល្មើសច្បាប់ នេះដើម្បីទប់ស្កាត់ រាល់សកម្មភាពកាប់ បំផ្លាញប្រមូលទិញ ដឹកជញ្ជូន និងនាំឈើចេញក្រៅប្រទេស ដូចសព្វថ្ងៃនេះ? ។

ពាក់ព័ន្ធនឹងករណីគេលួចទម្លាយតួលេខ ឈ្មួញបង់លុយឲ្យអាជ្ញាធរ សមត្ថកិច្ច និង​ជំនាញខាងលើ នគរវត្តមិនអាចទាក់ទង បានទេពីលោកអភិបាលនៃគណៈអភិ បាល ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែកលោក ស៊ី សួន អភិបាលនៃ គណៈអភិបាលស្រុកសៀមប៉ាង ដែល មានឈ្មោះយកលុយពីបទល្មើសឈើ បែបគីឡូធ្ងន់ តាមទូរស័ព្ទបានប្រាប់នគរវត្ត យ៉ាងខ្លីថា “ខ្ញំុមិនដឹងរឿងនេះទេ មកមើល ខ្លួនឯងចុះ ខ្ញុំរវល់ដេក រួចក៏បិទទូរស័ព្ទ “។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹង ត្រែងតាមទូរស័ព្ទជាមួយនគរវត្តនារសៀល ថ្ងៃខែឆ្នាំដដែល លោកមិនបានបកស្រាយ ក្នុងរឿងនេះទេ គ្រាន់តែបញ្ជាក់ថា “ខ្ញុំដូច ជាពុំទាន់ដឹងរឿងនឹង ម្យ៉ាងទៀតថ្ងៃនេះ កំពុងជាប់រវល់ប្រជុំ ចាំប្រជុំរួចរាល់ ខ្ញុំនឹង បកស្រាយប្រាប់បន្ត ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តស្ទឹងត្រែងដែលជាប់ពាក់ព័ន្ធ យកលុយពីរថយន្តដឹកឈើ មួយរថយន្ត ៥០ម៉ឺនរៀលបានបកស្រាយប្រាប់នគរវត្ត យ៉ាងដូច្នេះថា “រឿងនេះ ខ្ញុំមិនជាប់ពាក់ ព័ន្ធទេ ដឹងមកពីណា ថាមានតួលេខយក លុយ? លោកបន្តថា ខ្ញុំសន្យាថា មិនបាន ពាក់ព័ន្ធនឹងរឿងបែបនេះជាដាច់ខាត និង អរគុណផងដែរ ចំពោះការសួរឲ្យដឹង “។

គួរបញ្ជាក់ថា រាល់សកម្មភាពដឹកជញ្ជូន​ ឈើចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្ត ស្ទឹងត្រែងយកមកស្តុកទុកនៅចំណុចស្រែ ពកគឺមានឈ្មួញមួយរូបឈ្មោះ ណាក់ (ហៅ ណាក់ក្បាលធំ) ជាសមត្ថកិច្ចដ៏មាន ឥទ្ធិពលក្នុងមុខជំនួញឈើ គាត់ជាអ្នកទទួលទិញផ្តាច់មុខមកពីខេត្តស្ទឹងត្រែង និងមកពី បណ្តាស្រុកមួយចំនួន នៃខេត្តរតនគិរី ហើយ មួយចំនួនទៀតប្រភេទឈើគ្រញូងមកពី ខេត្តព្រះវិហារ ,ឧត្តរមានជ័យ ឆ្លងកាត់ខេត្ត ស្ទឹងត្រែងយកមកកាន់ចំណុចស្រែពកនេះ ដូចគ្នា។ សមត្ថកិច្ចខ្លះលើកឡើងថាងាយ ស្រួលបំផុតចំពោះយន្តការលុបបំបាត់ការ ដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តស្ទឹងត្រែងនេះគឺចាប់ខ្លួនមេក្លោងប្រមូលទិញ និងនាំចេញទៅវៀតណាម ឈ្មោះណាក់ ហៅ ណាក់ក្បាលធំ ដែលជាសមត្ថកិច្ចនៅ ខេត្តរតនគិរី ពីព្រោះថាទាំងការប្រមូលទិញ ទាំងការកេណ្ឌប្រជាពលរដ្ឋចូលអារឈើ នៅក្នុងព្រៃឬតំបន់ឧទ្យានជាដើម ឈ្មោះ ណាក់ ហៅណាក់ក្បាលធំនេះ ជាមេក្លោង ចាត់ចែងលុយ ក៏ដូចជាការដឹកជញ្ជូនទៅ ប្រទេសវៀតណាម សុទ្ធតែប្រើប្រាស់រថ យន្តចាប់ពី៥តោនឡើងទៅ ធ្វើជាមធ្យោ បាយយ៉ាងគគ្រឹកគគ្រង ។

ករណីនេះនគរវត្ត មិនអាចទាក់ទងបាន ទេពីមេឈ្មួញឈ្មោះ ណាក់ ហៅណាក់ ក្បាលធំ និងជាសមត្ថកិច្ចផងនោះ កាលពី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ដោយ គ្មានលេខទូរស័ព្ទ ។

គួរបញ្ជាក់ថា ចំពោះតួលេខដែលឈ្មួញ បង់លុយសមត្ថកិច្ច អាជ្ញាធរ និងជំនាញជិត ៣០ស្ថាប័ន ដូចការបញ្ជាក់ពីតម្លៃខាងលើ នេះគ្រាន់តែជាសកម្មភាពសម្រាប់ឈ្មួញ ឈើប្រើរថយន្តសាំយ៉ុង ធ្វើជាមធ្យោបាយ ដឹកជញ្ជូនឈើធ្នង់ពីស្រុងសៀមប៉ាងឆ្លង កាត់ខេត្តស្ទឹងត្រែងប៉ុណ្ណោះ ។ ដោយមិន ទាន់គិតពីប្រភពសេដ្ឋកិច្ចបទល្មើសដឹក ជញ្ជូនឈើគ្រញូងចេញពីខេត្តឧត្តរមាន ជ័យ ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅចំណុចស្រែពកនោះផង ។

អំពើពុករលួយបែបនេះ គួរតែអង្គភាព ប្រឆាំងអំពើពុករលួយស៊ើបអង្កេតស្រាវ ជ្រាវរកឲ្យឃើញអ្នកមានពិរុទ្ធភាពចំពោះ ការទទួលយកសំណូកការដឹកជញ្ជូនឈើ ខុសច្បាប់ ៕ ល័ក្ម្សុី

 


ចែករំលែក៖