ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន កោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ ។

សម្តេចតេជោបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី៨ ខែមិថុនាថា ចាញ់ ឈ្នះជារឿងធម្មតារបស់កីឡាទូទៅនោះទេ ។

សម្តេចបញ្ជាក់ថា៖ «ខ្ញុំសូមកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ នៅក្នុងការប្រកួតកីឡាបាល់ទាត់ (Cambodia Vs Indonesia Smart International Friendly Match) ដែលទើបបានបញ្ចប់នៅមុននេះបន្តិច នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលលទ្ឋផលគឺ កម្ពុជា (០) ឥណ្ឌូនេស៊ី (២)។ ចាញ់ឈ្នះ ជារឿងធម្មតារបស់កីឡាទូទៅ។ ច្បាស់ណាស់ កីឡាបាល់ទាត់ឥណ្ឌូនេស៊ី មានបទពិសោធន៍លេង និងទទួលបានជ័យជំនះជាច្រើនក្នុងការប្រកួត លំដាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏ជាបទ ពិសោធន៍ល្អសម្រាប់ក្មួយៗកីឡាករទាំងអស់។ ក្មួយៗកុំអស់ សង្ឃឹមឬតូចចិត្ត ហើយត្រូវខិតខំជាបន្តទៀតដើម្បីជ័យជំនះលើកក្រោយ។

អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់ នៅពហុកីឡាដ្ឋានជាតិយ៉ាងច្រើនកុះករ តាមទូរទស្សន៍បាយ័ន និងតាម Facebook ខ្ញុំ ដែលបានបង្ហាញ ពីការស្រឡាញ់ចូលចិត្ត និងគាំទ្រអស់ពីចិត្តពីថ្លើមចំពោះកីឡាបាល់ទាត់កម្ពុជាយើង។

សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យ នៅក្នុងការប្រកួតលំដាប់អន្តរជាតិ លើកក្រោយៗជាបន្តទៀត» ៕


ចែករំលែក៖