ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស វ័យ២០ឆ្នាំ ម្នាក់ គាំង បេះដូង ស្លាប់ ខណៈសម្រាកពីការងារ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុសអាយុ២០ឆ្នាំម្នាក់បានគាំងបេះដូងស្លាប់ ខណៈឈប់សម្រាកពីការងារ នៅកន្លែងធ្វើការ ​ក្នុងហាងកូរ៉េ បង្កឱ្យមានការភ្ញាក់ផ្អើល ឆោ ឡោ ពេញហាង និងសមត្ថកិច្ច រួចត្រូវបានបុគ្គលិក និង អ្នកគ្រប់គ្រប់បាន ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន រស្មី អង្គរ មកដឹក​យកទៅសង្គ្រោះ ប៉ុន្តែអកុសលក្មេងប្រុសនោះបានដាច់​ខ្យល់ស្លាប់​នៅកន្លែង​ធ្វើ​ការ​បាត់ទៅ​ហើយ​ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៤និង៥៥នាទីរសៀល ថ្ងៃទី៧មិថុនាឆ្នាំ២០១៧ ស្ថិតនៅខាងត្បូងស្តុបមុខអនុវិទ្យាល័យគ្រួស ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំ បានប្រាប់នៅវេលាម៉ោង២ និង​៣០នាទី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូល​ដ្ឋានរបស់យើង បានទទួលព័ត៌មានតាមទូរស័ព្ទ ពីឈ្មោះ ឡុង ឈុន លី ភេទប្រុស ជាបុគ្គលិកនៅក្នុងហាងកូរ៉េ ថាមានបុគ្គលិកបានគាំងបេះដូងស្លាប់។ប្រភពបានបន្តថា ក្រោយមក កម្លាំងជំនាញ​ក៏បាន​សហការជាមួយកម្លាំងនគរបាលបច្ចេកទេស ខេត្ត និង កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចុះទៅដល់កន្លែងកើតហេតុ រួចនាំគ្នាធ្វើកោសល្យវិច្ឆ័យ ទៅលើដងខ្លួននៃសព ហើយបានសន្និ​ដ្ឋាន​ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង ពិតប្រាកដមែន មិនមែនករណី​ឃាត​កម្ម ឬ ឆក់ខ្សែភ្លើងស្លាប់ ដូចគេនិយាយនោះទេ។

ប្រភពបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ យ៉ា ចែត្រ ហៅ ចិត្ត ភេទប្រុស អាយុ២០​ឆ្នាំមាន​មុខរបរបុគ្គលិកនៅហាងកូរ៉េ មានទីលំនៅបច្ចុប្បន្ន ភូមិបឹង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានធ្វើការ​ប្រគល់សាកសបឱ្យក្រុម​គ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖