ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺឃាត់ខ្លួន២នាក់ពាក់ព័ន្ធករណីប្លន់វត្ថុបុរាណ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា បានសហការជាមួយកម្លាំងសមត្ថកិច្ចមកពីខេត្តកំពង់ស្ពឺ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពប្លន់វត្ថុបុរាណនៅឯខេត្តកំពង់ស្ពឺ ហើយមកសម្ងំសុខលាក់ខ្លួននៅក្នុងផ្ទះសំណាក់ ឯក្រុងភ្នំពេញ ។

ប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះសំណាក់មានលាភ ផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណីប្លន់វត្ថុបុរាណកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចបានស្រាវជ្រាវរហូតទើបតែចាប់ខ្លួនបានពេលនេះតែម្តង ។

បច្ចុប្បនជនសង្ស័យទាំងនេះ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ប្រគល់ជូនសមត្ថកិច្ចខេត្តកំពង់ស្ពឺយកទៅចាត់ការតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖