ភ្នំពេញ: រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍តិចតួចរហូតធ្វើឲ្យលោកលឹម ចំណាន អនុប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលគេដឹងថា ជាកូនរបស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវមួយគ្រាប់ នោះ បានក្លាយជាប្រធានបទក្តៅគគុកមួយ រហូតធ្វើឲ្យលោកនាយឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានប្រតិកម្ម និងបានអំពាវនាវឲ្យ ភាគីទាំងពីរចូលខ្លួនដោះស្រាយតាមច្បាប់ ។
តាមរយៈការអំពាវនាវនេះ លោកអនុប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលជាខ្មាន់កាំភ្លើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានសម្រេចបើករថយន្តរបស់ខ្លួន(រថយន្តបង្ក)ចូលខ្លួនទៅដោះស្រាយតាមច្បាប់ កាលព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៧ នៅការិយាល័យនគរចរាចរណ៍ផ្លូវគោករាជធានី ក្រោមការជំរុញពីឪពុករបស់លោក គឺលោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផង ។
ក្រោយពីចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់រយៈពេលជាង១ម៉ោងនោះឈ្មោះ លឹម ចំណាន មានតួនាទីជានាយរង ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសារភាពថា ពិតជាមានករណីបែបនេះកើតមានមែន ដោយសារតែពេលនោះកូនរបស់លោកក្ដៅខ្លួនខ្លាំង ត្រូវការយកទៅទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ទើបលោកសម្រេចចិត្តបើករថយន្តយ៉ាងលឿន និងបើកភ្លើងដើម្បីសុំបើកផ្លូវ ប៉ុន្តែមកដល់ចំណុចកើតហេតុ ក៏ប៉ះគ្នានឹងរថយន្តរងគ្រោះបន្តិច ប៉ុន្តែមិនមានស្លាកស្នាមធ្ងន់ធ្ងរទេ។ គ្រានោះអ្នកបើករថយន្តម្ខាងក៏បានដេញតាមរថយន្តលោក ហើយលោកទប់ចិត្តមិនបានក៏សម្រេចបាញ់ឡើងលើមួយគ្រាប់ ដើម្បីបង្អាក់ល្បឿនរថយន្តនោះកុំឲ្យដេញតាមលោក ហើយក៏បន្តដំណើរទៅមុខទៀត ។
បើតាមលោក សែម គន្ធា អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យប្រាប់ថា កូនលោកមានបញ្ហាសុខភាពអាឡាក់ស៊ីស្បែក ក្ដៅខ្លួនខ្លាំងពេក ទើបលោកប្រញាប់បើករថយន្តដឹកកូនបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជននៅម្ដុំសំណង់១២ ដោយសារតែគ្រូពេទ្យនៅទីនោះ មានជំនាញផ្នែកនេះ ។
លោក សែម គន្ធា បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបង្កទៅជាបទល្មើសព្រហ្មទណ្ឌនេះ ជនរងគ្រោះមិនឃើញចូលទៅដាក់ពាក្យបណ្ដឹងទេ ប៉ុន្តែជនសង្ស័យ ក៏ត្រូវបានឃាត់យកប្រគល់ទៅឲ្យស្នងការខេត្តកណ្ដាលនៅរសៀលថ្ងៃនោះដើម្បីចាត់ការតាមច្បាប់។ ក្រោយពេលបញ្ជូនលោក លឹម ចំណាន ដល់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលភ្លាម លោក អ៊ាវ ចំរើន ស្នងការនគរបាលខត្តកណ្តាលមានចំណាត់ការដាក់វិន័យតាមបទបញ្ជានគរបាល ដោយដកបញ្ឈរជើងមិនឲ្យបំពេញភារកិច្ច(មានវត្តមានក្នុងអង្គភាពព្រឹក ល្ងាច) ព្រមទាំងដកអាវុធមិនឱ្យប្រើប្រាស់ ។
សូមរំលឹកថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ១ ម្តុំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ កាលពីម៉ោង៦ល្ងាច ថ្ងៃទី១០ មិថុនា ឆ្នាំ២០១៧ គ្រាដែលអ្នកបើកបររថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 (រថយន្តលោកប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល)ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានជិះជែងខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀត មិនព្រមឈប់ បែរជាបង្អង់ល្បឿនរួច បើកញ្ចក់រថយន្តបាញ់មួយគ្រាប់គំរាម និងបើករត់គេចខ្លួនបាត់។
យ៉ាងណាបន្ទាប់ពីមាសនហេតុការណ៍នេះកើតឡើងបើយោងតាម Facebook មួយ ដែលទំនងជាមិត្តភក្តិរបស់ជនរងរគ្រោះ បានបង្ហោះទាំងវិដេអូ និងខ្លឹមសារយ៉ាងដូច្នេះថា៖ “ប្អូនស្រីម្នាក់កំពុងបើករថយន្ត ត្រូវជនដៃដល់ជែងរថយន្តមកប៉ះ ហើយបាញ់មួយគ្រាប់គំរាម នឹងរត់បាត់ស្រមោល ដោយសុវត្តិភាព ខណៈនេះគាត់មានការភ័យខ្លាចណាស់ គាត់ស្នើសុំឲ្យខ្ញុំជួយបង្ហោះ ដើម្បីរកយុត្តិធម៌ជូនគាត់”។ សម្ដីគាត់ នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទីយប់ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ មានឡានបាឡែនពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AM-2762 មួយគ្រឿង បើកបរដោយជនមិនស្គាល់មុខ ទិសដៅស្របគ្នា បានជិះមកវ៉ាខាងស្តាំដៃ ហើយបុកកញ្ចក់ឡានខ្ញុំ ពេលនោះ ខ្ញុំបានជិះតាម ហើយស៊ីផ្លេឲ្យគាត់ឈប់ដោះស្រាយ តែឡាននោះបែរជាបង្អង់ល្បឿន បើកកញ្ចក់ឡាន ហើយបាញ់មួយគ្រាប់បំរុងសម្លាប់តែម្តង សំណាងហើយដែលមិនត្រូវ។ បន្ទាប់មកឡាននោះ ក៏អែបស្តាំ ហើយអ្នកបើកបរចេញមកក្រៅ កាន់កាំភ្លើងជាប់នឹងដៃ រងចាំឡានពួកខ្ញុំដែរ ហើយពួកខ្ញុំបានអែបស្តាំ ឈប់នៅក្រោយឡានរបស់ជនបង្កហេតុ ដោយសារតែភាពភ័យខ្លាចពេក ពួកខ្ញុំក៏បកឡានថយក្រោយ ដើម្បីរកទីតាំងសុវត្ថិភាព។ គ្រប់សកម្មភាពទាំងអស់ មាននៅក្នុងកាមេរ៉ាសុវត្ថិភាពជាភស្តុតាង ហេតុអ្វីជីវិតមនុស្សនៅស្រុកខ្មែរ ពិតជាគ្មានតំលៃមែនទេ? “បើចាប់មិនបានទៀត ឈប់ធ្វើប៉ូលីសហើយទៅធ្វើស្រែចុះ”៕ ប្រាថ្នា