ខេត្តកណ្តាលៈ ជនសង្ស័យប្រុស-ស្រី២នាក់ជាគូរសង្សានឹងគ្នា ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន ខណៈកំពុងជិះម៉ូតូឌុបគ្នាយកថ្នាំញៀនម៉ាកទឹកកកចំនួន២២៧ក្រាមទៅឲ្យមូយនៅឯខេត្តព្រះសីហនុ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង២០ និង០៨នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រីជាគូរសង្សានឹងគ្នានោះឈ្មោះ ខៀវ សំកុសែន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បញ្ចូលបទភ្លេងទូរស័ព្ទ មានទីលំនៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល រីឯនារីជាសង្សាឈ្មោះ នាង នីរ៉ាវតី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យសមត្ថកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៣ដុំធំ-១ដុំមធ្យម និង១៣កញ្ចប់ ស្មើនឹងទម្ងន់២២៧ក្រាម (ថ្នាំនេះត្រូវបានជនសង្ស័យលក់ចេញវិញសរុបជិត៣ម៉ឺនដុល្លា) និងម៉ូតូមួយគ្រឿង ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការរួចមកសមត្ថកិច្ចសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកមាន សំណាង អធិការនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះធ្វើការស្រាវជ្រាវតាមព័ត៌មានដែលផ្តល់ឲ្យ រហូតឈានដល់ធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ខៀវ សំកុសែន បានសារភាពថា ថ្នាំញៀនខាងលើនេះរូបគេបានទទួលពីជនមិនស្គាល់ឈ្មោះ តាមរយៈជនសង្ស័យម្នាក់ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដើម្បីយកទៅឲ្យមូយនៅឯខេត្តព្រះសីហនុ ។ ជនសង្ស័យបានបញ្ជាក់ថា ជនសង្ស័យដែលជាប់ពន្ធនាគារព្រៃសនោះបានទាក់ទងតាមទូរស័ព្ទឲ្យគេមកថ្នាំនេះមកឲ្យខ្លួន ដើម្បីបន្តយកទៅឲ្យមូយ តែជនសង្ស័យខាងលើនេះមិនបានឆ្លើយសារភាពប្រាប់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀតដែលកំពុងជាប់ពន្ធនាគារនោះទេ ៕ ស្អាងជ័យ