ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានកូនដើររកឃើញចងព្យួរកនឹងដើមឈើខាងត្បូងផ្ទះ ត្រូវបានគេសង្ស័យដោយសារតែការអាក់អន់ចិត្តនឹងខ្លួនឯងមានជំងឺច្រើនពេករាប់មិនអស់។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចដើមឈើកណ្ដោលខាងត្បូងផ្ទះចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង ចន ហៅចឹម ភេទប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ.ឃុំកើតហេតុខាងលើ ហើយជនរងគ្រោះមានប្រពន្ធ និងកូនប្រុសស្រីចំនួន ៥នាក់។
ប្រភពខាងលើបន្តថា ជនរងគ្រោះមានជំងឺប្រចាំកាយរាំរ៉ៃយូហើយ ម្យ៉ាងទៀតគាត់ក៏ជាមនុស្សម្នាក់ដែលឃើញចូលចិត្តស្រាផងដែរ ហើយមុនកើតហេតុក្រុមគ្រួសារបានបាត់គាត់តែនាំគ្នាដើររកមិនឃើញ លុះនៅម៉ោងខាងលើបានបែងចែងគ្នាដើររកក៍ប្រទះឃើញបែបនេះ ដោយគាត់យកខ្សែនីឡុងចងព្យួកទៅនឹងដើមឈើ(កណ្ដោល)ស្លាប់យ៉ាងអាណោចអាធ័ម។
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុ និងទទួលព័ត៌មានសមត្តកិច្ចនគរបាល បានសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ លទ្ធផល៖ ឃើញថាពុំមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះទេ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមនីតិវិធីប្រពៃណី៕ បឹុម ពិន