ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីគយនិងរដ្ឋាករកាំកុងត្រូលនិងស្នាក់ការច្រកទ្វារអូរស្មាច់ល្បីរឿងពុករលួយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ស្ថាប័នធំៗចំនួន៣ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងតែទទួលរងការចោទ ថាទារលុយពីក្រុមអាជីវករ។ក្នុងនោះមានសាខាគយស្នាក់ការច្រកទ្វារកាំកុងត្រូលទារប្រាក់ពីពលរដ្ឋនិងអាជីវករដឹកទំនិញជារៀងរាល់ថ្ងៃនិងបើកចំហឲ្យមានការនាំមាន់រស់មកពីកសិដ្ឋានប្រទេសថៃយ៉ាង គគ្រឹកគគ្រេង ។

ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យដឹង កាលពីថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៧ថា ក្រុមអ្នកដឹកទំនិញបន្តិចបន្តួចក្រោយពីបង់ប្រាក់ឲ្យមន្រ្ដីគយហើយត្រូវបង់ប្រាក់បន្ថែមឲ្យ ស្ថាប័នផ្សេងទៀតគឺខាងកាំកុងត្រូលនិងស្នាក់ការច្រកទ្វារ។ពួកគាត់បានបញ្ជាក់ បន្ថែមថា បើស្ថាប័នគយនិងកាំកុងត្រូល យក១ម៉ឺនរៀលក្នុងមួយស្ថាប័នគឺខាងស្នាក់ការយក១ម៉ឺន៥ពាន់រៀល។ អ្វីដែលគាត់​បានបងប្រាក់ជារៀងរាល់ថ្ងៃនោះ គឺមិនដែលមានបង្កាន់ដៃបញ្ជាក់ពីលុយនេះត្រូវចូល ពន្ធរដ្ឋនោះទេ។ពោលគឺគេសង្ស័យថាប្រាក់ដែលក្រមអាជីវករនិងពលរដ្ឋបង់ឲ្យមន្រ្ដី៣ស្ថាប័នខាងលើនោះហូចូលទៅក្នុងហោប៉ៅបុគ្គលដែលគេហៅថាអំពើជំរិតឬក៏អំពើពុក រលួយនោះ។

ប្រភពពីសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិអូរសាច់ក៏បានឲ្យដឹងដែរថាសព្វថ្ងៃនេះ ស្ថាប័នគយនិងរដ្ឋាករខាងកាំកុងត្រូលនិងស្នាក់ការច្រកក៏កំពុងតែសហការគ្នាបានល្អក្នុងការបើកចំហនាំទំនិញគេចពន្ធនិង ទំនិញគ្មានគុណភាពហូរចូលយ៉ាងអនាធិបតេយ្យ រួចនាំគ្នាដេកកើបប្រាក់ដាក់ហោ ប៉ៅ រីឯពលរដ្ឋឯណោះវិញរក​ស៊ីមិនដែល​ ចំណេញ​​ទេ ពោលគឺដូចចិញ្ចឹមមន្រ្តីទាំងនេះអ៊ីចឹង ។

ទំនិញដែលហូរចូលហើយអត់មានពន្ធច្រើនជាងគេគឺមាន់រស់ក្នុងមួយថ្ងៃយ៉ាងតិច៣០រថយន្ដកាមរី ។ មាន់ទាំងអស់នោះជាប្រភេទមាន់ចិញ្ចឹមក្នុងកសិដ្ឋាននៅប្រទេស​ថៃដែលមានពណ៌សម្បុរដូចជាមាន់ស្រែ ចិញ្ចឹមបែបធម្មជាតិដោយឈ្មួញនាំយកទៅលក់នៅតាមបណ្ដាខេត្តជាច្រើនដូចជាខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ធំដោយឈ្មួញយកទៅបន្លំធ្វើជាមាន់ចិញ្ចឹម បែបធម្មជាតិ ។

លោក កន ប្រធានស្នាក់ការច្រកទ្វារដែល រងការរិះគន់នេះមិនអាចទំនាក់ទំនងបានទេដោយទូរស័ព្ទចូលមិន​មានអ្នកទទួល ។ រីឯលោកខាន់ រ៉ាត់ ប្រធានកាំកុងត្រូលច្រកទ្វារបានបញ្ជាក់តាមទូស័ព្ទថាមិនដែលមានពាក់ព័ន្ធយកប្រាក់ទេហើយការហូរចូល សត្វមាន់ក៏គ្មានដែរ។ ចំណែកលោក គួន សុភាពប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិអូរស្មាច់មិនអាចសុំការបំភឺ្ល បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕ ប៉ែន នួន


ចែករំលែក៖