រយៈពេលកន្លងមក មតិសាធារណៈ បានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្ថាន ភាពសន្តិសុខ ប្រែប្រួលនៅតំបន់អាស៊ីភាគអាគ្នេយ៍ ។ជាមួយគ្នានេះ អាមេរិកនិង អាស៊ានបានចុះកិច្ចព្រមព្រៀង រួមស្តីពី សង្គ្រាមប្រឆាំងក្រុមភេរវកម្ម។
នៅពេលនេះ អាស៊ីអាគ្នេយ៍ ត្រូវបាន ចាត់ទុកថាជា ទីលានសមរភូមិទីពីររបស់ អាមេរិក សម្រាប់សង្គ្រាមប្រឆាំងក្រុមភេរវកម្ម។ បច្ចុប្បន្នក្រុមភេរវកម្ម ជាច្រើន បានចូលដល់តំបន់អាស៊ាន ក្នុងនោះមានប្រទេស ហ្វុីលីពីន ដោយបានបង្កើតទីតាំងគ្រប់គ្រងនៅទីក្រុង ម៉ារ៉ាវី។
ការហូរចូលភេរវករនៅតំបន់អាស៊ាន បានជះឥទ្ធិពល អាក្រក់ដល់តំបន់ទាំងមូល ធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងតំបន់រង ផលប៉ះពាល់យ៉ាងខ្លាំង ។ តាមលទ្ធផលស្រាវជ្រាវ បានឲ្យដឹកថាប្រទេសថៃនិង ហ្វុីលីពីនជាប្រទេស ដែលមានគ្រោះថ្នាក់ បំផុតនៅក្នុងចំណោម ២០ប្រទេស នៅលើ ពិភពលោក។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាម របាយការណ៍ប្រកួតប្រជែង ផ្នែកទេស ចរណ៍ និងការធ្វើដំណើរ របស់វេទិកាសេដ្ឋ កិច្ចពិភពលោក ដែលគ្របដណ្តប់នៅជុំវិញ ពិភពលោក ចំនួន១៣៦ប្រទេស ដែលចេញ ផ្សាយ កាលពីខែមេសា បានឲ្យដឹងថា ប្រទេសថៃ ស្ថិតនៅលេខរៀងទី១១៨ ជាមួយនឹងពិន្ទុ ៤.០ ទៅលើផ្នែកសុវត្ថិភាព និងសន្តិសុខ សម្រាប់អ្នកទេសចរ ។
បើតាមសន្ទស្សន៍ បង្ហាញថា ថៃជា ប្រទេស ដែលមានហានិភ័យ ផ្នែកសន្តិ សុខ សម្រាប់ភ្ញៀវទេសចរ និងការធ្វើជំនួញ ហើយទំាងនេះ ត្រូវបានគេគិតថា នឹងបង្ក គ្រោះថ្នាក់ ធ្ងន់ធ្ងរដូចជា អំពើហិង្សា និង ភេរវកម្ម។
នៅក្នុងប្រទេសហ្វុីលីពីនវិញ មានមនុស្សជាច្រើនស្លាប់ដោយសារក្រុមភេរវកម្ម ក្នុង នោះមានជនបរទេសជាច្រើនផងដែរ ដែលក្រុមភេរវកម្មចាប់ជំរិតនាពេលកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមភេរវកម្មបាន បង្កើតទីតាំង គ្រប់គ្រងនៅទីក្រុងម៉ារ៉ាវី ដោយ ទាហាន ហ្វុីលីពីនមិនទាន់អាចយកឈ្នះបាននៅឡើយទេអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ។
យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា កងកម្លាំងហ្វុីលីពីន បាន ខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងការប្រយុទ្ធ គ្នាអស់រយៈពេល ១៤ម៉ោង កាលពីថ្ងៃ សុក្រទី៩ ខែមិថុនា ដោយបានបណ្តាលឲ្យ ទាហានរបស់ខ្លួន ១៣នាក់ស្លាប់ និង៤០ នាក់ ផ្សេងទៀតរបួស។
បើតាមសារព័ត៌មានក្នុងស្រុករបស់ ហ្វុីលីពីន បានផ្សាយដោយផ្អែកតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ Jo-Ar Herrera អ្នកនាំពាក្យកងកម្លាំងហ្វុីលីពីន នៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុង ម៉ារ៉ាវីថា យន្តហោះឈ្លបយកការណ៍របស់ សហរដ្ឋអាមេរិក ប្រភេទ P3 Orion កំពុង ប្រតិបត្តិការពីលើអាកាស។ លោកថា «ពួក គេ (កងកម្លាំងពិសេសអាមេរិក) មិនបាន ចូលរួម ប្រយុទ្ធនោះទេ គឺពួកគេគ្រាន់តែ ផ្តល់ជំនួយផ្នែកបច្ចេកទេសប៉ុណ្ណោះ»។
រដ្ឋាភិបាលហ្វុីលីពីនរបស់លោក ឌុយ ទែរតេ មិនត្រូវការអាមេរិកទេ ប៉ុន្តែនៅ ពេលនេះ ប្រឈមនឹងការគំរាមកំហែងពីសំណាក់ពួកអ៊ិស្លាមជ្រុលនិយម បានស្នើសុំជំនួយពីកងកម្លាំងពិសេសអាមេរិក ដើម្បីរំដោះក្រុងម៉ារ៉ាវី នៅភាគខាងត្បូង ប្រទេស ដែលធ្លាក់ចូលក្នុងកណ្តាប់ដៃពួកអ៊ិស្លាមជ្រុលនិយមស្និទ្ធនឹងអង្គការរដ្ឋអ៊ិស្លាម។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក និងយោធាហ្វុីលីពីន។
កងទ័ពអាមេរិកចូលជួយមែន ប៉ុន្តែ ជា ជំនួយបច្ចេកទេសតែប៉ុណ្ណោះ កងកម្លាំង ទ័ពពិសេសអាមេរិក មិនចូលសមរភូមិ ប្រយុទ្ធទេ នេះបើតាមការគូសបញ្ជាក់លម្អិតរបស់យោធាហ្វុីលីពីន នៅក្នុងសន្និសីទ កាសែត។
យន្តហោះស៊ើបការណ៍អាមេរិក P3 Orion បានចេញហោះឆ្វែលពីលើក្រុង ម៉ារ៉ាវី តាំងពីល្ងាចថ្ងៃសុក្រមក។ ម៉ារ៉ាវី ជាក្រុងភាគខាងត្បូងប្រទេស នៃកោះមីន ដាណាវ បានធ្លាក់ក្នុងកណ្តាប់ដៃពួកយុទ្ធ ជនប្រដាប់អាវុធអ៊ិស្លាមជ្រុលនិយម តាំងពី ជាងបីសប្តាហ៍មកហើយ។ ពួកប្រដាប់ អាវុធនេះ ដែលមានកម្លាំងរាប់រយនាក់ បានប្រកាសភ្ជាប់ខ្លួន នៅនឹងអង្គការរដ្ឋ អ៊ិស្លាម ក្នុងនោះមានទាហានជីហាដរដ្ឋអ៊ិស្លាមរាប់សិបនាក់ ធ្វើដំណើរមកពីប្រទេសជិតខាង ដូចជាឥណ្ឌូណេស៊ី ឬម៉ាឡេស៊ី និងមកពីតំបន់ដើមបូព៌ា។
ប្រឈមនឹងស្ថានការណ៍បែបនេះ ហ្វុីលី ពីន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រុមនេះពង្រីកវត្តមាន និងយកក្រុង ម៉ារ៉ាវីជាទីតាំង សម្រាប់បំផុសមនោគមន៍ វិជ្ជាជីហាដអ៊ិស្លាមនិកាយស៊ុននីត រដ្ឋអ៊ិស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍។ អាជ្ញាធរហ្វុីលី ពីនបានចេញធ្វើ ប្រតិបត្តិការកម្ចាត់តាំងពីដំបូងភ្លាម តែងតែជួបបរាជ័យរហូតមក។ នៅទីបំផុតក៏សុខចិត្តទទួលយកជំនួយពីសហរដ្ឋអាមេរិក។
ជំនួយដែលបានប្រព្រឹត្តទៅបន្ទាប់ពីមានភាពតានតឹង តាំងពីជាច្រើនខែរវាងសហរដ្ឋអាមេរិកនឹងហ្វុីលីពីន ដោយហេតុតែតាំងពីបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីហ្វុីលីពីនមក លោក ឌុយទែរតេ បានបង្ហាញកាយ វិការងាករេ ផ្តាច់ទំនាក់ទំនងល្អជាប្រពៃណីជាមួយទីក្រុងវ៉ាស៊ីនតោន ដោយសុខចិត្ត ទៅឱបចិន ដើម្បីប្រយោជន៍សេដ្ឋកិច្ច ហើយបានប្រកាសសន្យាបណ្តេញទ័ពអាមេរិក ឱ្យចេញអស់ពីប្រទេស។
ហ្វុីលីពីនធ្លាប់ជាសម្ពន្ធមិត្តដ៏សំខាន់របស់អាមេរិកប្រចាំតំបន់។ ចាប់ពីឆ្នាំ២០០២មក ទីក្រុងវ៉ាស៊ីនតោន បានពង្រាយកម្លាំងទ័ពពិសេសរបស់ខ្លួន ប្រមាណជា១២០០នាក់ នៅកោះមីមដាណាវ ដើម្បីបំពាក់បំប៉ននិងធ្វើជាទីប្រឹក្សារបស់កងទ័ពហ្វុីលីពីន ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកប្រដាប់អាវុធអ៊ិស្លាមជ្រុលនិយម អាប៊ូសាយ៉ាហ្វ។ អាមេរិកបានបញ្ឈប់ប្រតិបត្តិការនេះ នៅឆ្នាំ២០១៥ ដោយរក្សាទុកតែកងកម្លាំងពិសេសតូចមួយ សម្រាប់ផ្គត់ផ្គង់ជំនួយ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះ៕ ម៉ែវ សាធី