ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុកអ្នកថ្មើរជើងឆ្លងផ្លូវ រងរបួសធ្ងន់ និងស្រាល៣នាក់នៅស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀងៈ មនុស្សប្រុស ស្រី៣នាក់រងរបួសធ្ងន់ ស្រាល ខណៈដែលជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ទៅបុកនឹងអ្នកដើរឆ្លងថ្នល់យ៉ាងពេញទំហឹងបណ្ដាលឲ្យបែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង កាលពីវេលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកដើរឆ្លងផ្លូវដែលរងរបួសមាន ឈ្មោះ ប៊ូ ស្រីអូន ភេទស្រី អាយុ១៨ ឆ្នាំបច្ចុប្បន្នរស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ចំណែកអ្នកបើកម៉ូតូមាន ឈ្មោះ គុណ ចេក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករោងចក្រ រស់នៅភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្រ្ទា និងអ្នករួមដំណើរមាន ឈ្មោះ លឹម នី ភេទស្រីអាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកោគតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា។

គ្រោះថ្នាក់កើងឡើងរវាងម៉ូតូ នឹងថ្មើរជើង គឺម៉ូតូម៉ាកHONDA C ១២៥ សេ៑រី ឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង១J ៨៩៦៧ ពណ៌ខ្មៅ ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុម៉ូតូជិះគ្នា២នាក់ធ្វើដំណើរពីត្បូងមកជើង ខណៈនោះស្រាប់តែមាននារីម្នាក់បានដើរឆ្លងផ្លូវ ម៉ូតូមានល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបណ្ដាលឲ្យមនុស្ស និងម៉ូតូខ្ទាតលើផ្លូវរដូករណែលសន្លប់បែកក្បាលហូរឈាមនឹងកន្លែង។

ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចនគរបាលមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ព្រមទាំងវាស់វែង និងអូសយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖