ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ៧៧បេតេ ស្ថិតនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ អំពាវនាវឲ្យអាជ្ញាធរសង្កាត់ជាប់ឆ្នោតថ្មី ក៏ដូចជាថ្នាក់ខណ្ឌជួយបង្រួមផ្លូវលេខ៧៧បេតេនេះឲ្យតូចទៅតាមអ្វីដែលមន្ត្រីអ្នកមានអំណាចម្នាក់បានពង្រីកផ្ទះមកលើផ្លូវ ធ្វើឲ្យផ្លូវរួមតូច ។ ដូច្នេះអាជ្ញាធរគួរតែអំពាវនាវឲ្យប្រជាពលរដ្ឋពង្រីកផ្ទះមកលើផ្លូវ ដូចដែលមន្ត្រីម្នាក់នោះបានធ្វើ ។
ប្រជាពលរដ្ឋនិយាយថា មន្ត្រីនគរបាលមានអំណាច មានស័ក្តិយសធំម្នាក់នៅក្រសួងមហាផ្ទៃបានសាងសង់របងផ្ទះរំលោភមកលើចំណីផ្លូវសាធារណៈ ។ អាជ្ញាធរសង្កាត់បានចុះទៅហាមឃាត់សំណង់រំលោភច្បាប់នោះយ៉ាងហោចណាស់២ដង ប៉ុន្តែដោយសារតែអ្នកទៅហាមឃាត់មានស័ក្តិយសតូចជាងអ្នកល្មើសច្បាប់ ដូច្នេះ ការហាមឃាត់នេះគ្មានប្រសិទ្ធភាពទេ ។ ពាក្យចាស់លោកពោលថា «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» អាជ្ញាធរចេះតែហាមឃាត់ រីឯអ្នកមានអំណាចម្នាក់នោះចេះតែបំពានយ៉ាងដូច្នោះឯងទៅ ។
ដោយសារតែការហាមប្រាមរបស់អាជ្ញាធរមិនមានប្រសិទ្ធភាព ប្រជាពលរដ្ឋដែលមានលំនៅឋាននៅលើកំណាត់ផ្លូវខាងលើអំពាវនាវឲ្យអាជ្ញាធរជួយសម្រួលសម្របតាមអ្នកមានអំណាចនោះទៅ គឺអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តោយផ្លូវនេះធ្វើរបងផ្ទះលយឲ្យស្មើនឹងលំនៅឋានរបស់មន្ត្រីម្នាក់នោះទៅ ។ ដើម្បីឲ្យស្មើភាពគ្នានៅក្នុងចំណោមប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តោយផ្លូវ៧៧បេតេ អ្នកភូមិបានអះអាងថា អាជ្ញាធរគួរតែរៀបចំ សម្របសម្រួលឲ្យប្រជាពលរដ្ឋគ្រប់ផ្ទះសង់ផ្ទះមកលើចិញ្ចើមផ្លូវស្មើនឹងផ្ទះមន្ត្រីម្នាក់នោះ ។
មន្ត្រីសាលាខណ្ឌមានជ័យម្នាក់បានឲ្យដឹងថា អាជ្ញាធរជំនាញបានចុះទៅហាមឃាត់ការសង់ផ្ទះមកលើចិញ្ចើមផ្លូវនោះដែរ ប៉ុន្តែម្ចាស់ផ្ទះមិនអើពើ ព្រោះគាត់មានអំណាចធំ ។ ទាល់តែអ្នកទៅហាមឃាត់មានអំណាចធំជាងម្ចាស់ផ្ទះ ទើបគេរំពឹងថា ម្ចាស់ផ្ទះនេះស្តាប់ ។ មន្ត្រីខាងលើនិយាយថា គួរតែឲ្យថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញចុះទៅហាមឃាត់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទម្រាំរឿងនេះដឹងឮដល់អាជ្ញាធររាជធានីភ្នំពេញ សំណង់លើចិញ្ចើមផ្លូវនោះសង់រួចរាល់ហើយ ។
ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរសង្កាត់, ខណ្ឌ និងសាលារាជធានីភ្នំពេញអាចនឹងព្រមព្រៀងឲ្យប្រជាពលរដ្ឋដែលមានលំនៅឋានតាមផ្លូវលេខ៧៧បេតេ សង់លំនៅឋានមកលើលំនៅឋានស្រប និងស្មើគ្នានៅលើផ្លូវខាងលើ ។ គេជឿថាអាជ្ញាធរមិនអាចឲ្យម្ចាស់ផ្ទះនោះវាយកម្ទេចសំណង់របស់ខ្លួនឡើយ ។ ដូច្នេះដើម្បីឲ្យសមភ្នែក ប្រជាពលរដ្ឋដែលមានលំនៅឋានតាមផ្លូវនេះ គួរតែខិតខំរកប្រាក់ដើម្បីធ្វើផ្ទះលយមកមុខលើចិញ្ចើមផ្លូវដូចផ្ទះមន្ត្រីម្នាក់នោះដែរទៅ៕ ហេង សូរិយា