ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រថយន្តមួយគ្រឿងថ្លៃ៦ពាន់រៀលនៅកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ

ចែករំលែក៖

ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់កំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំជាលើកដំបូងកាលពីចុងសប្តាហ៍មុន ។ កំពង់ចម្លងនេះ គឺជាអង្គភាពរដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ប៉ុន្តែខ្ញុំបាទមិនដឹងថា ការកំណត់តម្លៃ ឆ្លងនៅកំពង់ចម្លងនេះ ជាការសម្រេចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬក៏ជាការកំណត់របស់អង្គភាពកំពង់ចម្លងនេះផ្ទាល់ ឬក៏យ៉ាងណានោះទេ? ឬក៏ជាអង្គភាពស្វយ័ត ពីព្រោះស្រឡាងនៅទីនេះមួយចំនួនត្រូវគេអះអាងថា បាននាំមកពីអតីតកំពង់ចម្លងអ្នកលឿង ។

អ្វីដែលខ្ញុំបាទចាប់អារម្មណ៍ចំពោះអង្គភាពរដ្ឋមួយនេះ ហាក់ដូចជាថ្លៃពេកចំពោះសេវាឆ្លងម្តងៗ ។ រថយន្តធុនតូច១គ្រឿង ត្រូវកំណត់ប្រាក់៦ពាន់រៀល ។ តើវាជាការកំណត់ដូចរបបភាស៊ីនៅតាមផ្សារ ឬមួយក៏ជាការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ បើតាមខ្ញុំបាទយល់ឃើញ ការឆ្លងកំពង់ចម្លងរដ្ឋមួយចំនួន មិនថ្លៃដល់ថ្នាក់នេះពេកទេ ។ លើកលែងតែកំពង់ចម្លងឯកជនខ្លះ ដែលរដ្ឋប្រគល់ការដេញថ្លៃឲ្យឯកជនកាន់កាប់ ។ កំពង់ចម្លងជាច្រើនកាត់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សម្រាប់រថយន្ត១គ្រឿងថ្លៃ១ម៉ឺនរៀល ។ យ៉ាងនេះក្តី វាជាការសម្រេចរបស់ថៅកែកំពង់ចម្លងនីមួយៗ បើទោះបីជាមុនការដេញថ្លៃបានកំណត់តម្លៃជាក់លាក់ក៏ដោយ ។

តាមអ្វីដែលខ្ញុំបាទមើលឃើញ តម្លៃឆ្លងនៅកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំ គឺក្រសួងសាធារណការ កើបលុយយកតែម្តង ។ មួយថ្ងៃៗ មានយានយន្តរាប់រយ រាប់ពាន់គ្រឿង ដែលត្រូវឆ្លងកាត់ទីនេះ ។ វាមិនមែនជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនោះទេ ។ ដូច្នេះបើក្រសួងសាធារណការ និងដឹកជញ្ជូនយល់ថា ខ្លួនចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ នោះក៏គួរតែបញ្ចុះតម្លៃឆ្លងនៅកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រុំបន្តិចបន្តួចទៅ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖