កីឡាករ Kylian Mbappeតារាបាល់ទាត់កំពុងលេចធ្លោរបស់ក្លិប Monaco បានបង្ហើបថាគាត់ចង់ឈ្នះពានរង្វាន់Champions Leagueជាង កាន់ពានកីឡាករ ឆ្នើមពិភពលោកBallon d’Or។
កីឡាករវ័យ១៨ឆ្នាំបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងរដូវកាលនេះ ជួយ Monaco ឈ្នះពានបារាំង Ligue 1 និងរកបាន២៦គ្រាប់ក្នុងលីក ក្នុងនោះក៏បានជួយក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ទៀត។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងMbappe បានបង្ហាញមហិច្ឆតា និងចង់ពង្រឹងក្រុមឲ្យឡើងលើវគ្គ៤ក្រុមចុងក្រោយនៃពាន Champions League ដោយចង់ឃើញក្រុមខ្លួនជោគជ័យជាងឈ្នះពានផ្ទាល់ខ្លួន។
Mbappe បាននិយាយថា “ពាន Champions League គឺជាក្ដីស្រមៃមួយ វាជាការប្រកួតដែលគ្រប់គ្នាចង់ឈ្នះ។ ឈ្នះពាននេះជាក្ដីស្រមៃដ៏ធំធេងសម្រាប់ខ្ញុំ ជាងបានពាន Ballon d’Or ទៀត” ។
ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អជួយក្រុម Monaco ឈ្នះពានបារាំង Ligue 1 មានក្លិបធំៗជាច្រើនចង់ប្រម៉ាញ់យកកីឡាករ Mbappeទៅរួមក្រុមរបស់ពួកគេ។ លោក Jurgen Klopp បានទាក់ទងជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Kylian Mbappe ស្របពេលក្លិបហង្សក្រហម Liverpool ឡើងលើរេញប្រជែងជាមួយក្លិបធំៗនៅអឺរ៉ុបសម្រាប់តារាវ័យក្មេងរបស់ក្លិប Monaco។
Real Madrid ត្រូវបានរាយការណ៍ថាកំពុងនាំមុខគេលើការប្រជែងយកខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះ និងត្រៀមបង់តម្លៃផ្ទេរលើសពី១០០លានផោនសម្រាប់ Mbappe។ ចំណែកក្លិប Arsenal, Manchester United និងក្លិបមួយចំនួនទៀតក៏ចាប់អារម្មណ៍ចង់ប្រជែងយក Mbappe ដែរប្រសិនបើ Monaco សម្រេចចិត្តថាលក់យកលុយចូលក្លិប ៕ ដេវីត