ខេត្តសៀមរាប៖ ជាថ្មីម្តងទៀត លោកឯកអគ្គរដ្ឋ-ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តទី៤ បានប្រព្រ្តឹតទៅដោយភាពល្អប្រសើរនិងមានភាពជឿរជាក់ ខណៈដែលកាបោះឆ្នោតនេះ បានបញ្ចប់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះកន្លងទៅ ។
ទាក់ទងនឹងការឃ្លាំមើលដំណើរការបោះឆ្នោត ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តទី៤ បញ្ចប់ទៅដោយភាពរលូន ក៏ដូចជាលទ្ធផលបឋមនៃការបោះឆ្នោតនេះ តាមអ្វីដែលបានឃើញជាក់ស្តែង គឺពិតជាប្រព្រឹត្តិទៅប្រកប ដោយភាពវិជ្ជមានស្ទើគ្រប់ទិដ្ឋភាព ដូចដែលស្ថានទូតបានចេញសេចក្តីថ្លែងការណ៍រួចមកហើយទាក់ទិន និងបញ្ហានេះ។
ការលើកឡើងយ៉ាងដូច្នេះលោក វីលៀម ហៃស៍ (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ក្រុមអ្នកសារព័តមាន ក្នុងឱកាសអញ្ញើញចូលរួមបុណ្យឯករាជ្យជាតិអាមេរិក (America day) នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧កន្លងទៅ។ លោកបន្តទៀតថា អាមេរិកបានដាក់ក្រុមអ្នកអង្កេតការចំនួន ៤០ក្រុម នៅតាមរាជធានីខេត្តចំនួន១៣ នៃប្រទេសកម្ពុជា ពោលគឺបានពង្រាយកម្លាំងជាង ៣០០មណ្ឌលបោះឆ្នោត ក្នុងនោះបានកត់ត្រានូវទិន្នន័យតាមប្រព័ន្ធទូរស័ព្ធដៃ (Election App) និងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលនេះជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះ លោកទូតរំពឹងថា ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខ នឹងមានលក្ខណៈល្អ ប្រសើរដូចគ្នាដែរ។
លោកឯកអគ្គរដ្ឋទូត បន្ថែមថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកនេះដែរ ឯកឧត្តមមានជំនឿលើប្រជាពលរដ្ឋកម្ពុជា គិតថាការបោះឆ្នោតនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ១០០%។ ឯកឧត្តមបន្ថែមថា ប្រជាធិបតេយ្យមិនអាចវាយតម្លៃបានថា ស ឬខ្មៅនោះទេ ព្រោះផ្នែកខ្លះនៃសិទ្ធិ មនុស្សប្រព្រឹត្តិទៅបានល្អ ក៏មានផ្នែកខ្លះទៀតប្រព្រឹត្តិមិនបានល្អ ដែលបញ្ហានេះកើតមាននៅអាមេរិកដូចគ្នា ។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងកាន់ខ្លាំងពីលទ្ធិប្រជាធិបតេយ្យ ដែលអាចញាំឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ល្អជាងនេះបន្ថែមទៀត៕ ស តារា