ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករជម្រើសជាតិកាយសម្ព័ន្ធ សម រីម គឺជាក្តីសង្ឃឹមរបស់កម្ពុជានៅស៊ីហ្គេមលើកទី២៩

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករជម្រើសជាតិកាយ សម្ព័ន្ធ សម រីម ត្រូវបានគ្រូបង្វឹកនិងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បង្ហាញពីការចម្រើននូវកម្រិតបច្ចេកទេស ក្រោយពីក្រសួងអប់រំយុវជននិងកីឡា បញ្ជូនទៅហ្វឹកហាត់តាមការស្នើសុំពី សហព័ន្ធសាមីនៅសាធារណរដ្ឋ ប្រជាមានិតចិនអស់រយៈពេលជាង២ខែកន្លងទៅ ។

លោក ណយ ផាន់ណាគ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់នគរវត្តឲ្យដឹងកាលពី រសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧ ក្រោយពីរូបលោកត្រឡប់មកពីសួរសុខទុក្ខកីឡាករ សម រីម នៅឯមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធខេត្តគងទង ប្រទេសចិនថា ចំពោះកីឡាករ សម រីម ពេល នេះមានភាពរីកចម្រើនខ្លាំងគួរឲ្យមោទនភាព ព្រោះរូបគេឆ្លងផុតពីការហ្វឹកហាត់នៅក្នុងជំរំថ្នាលរបស់ប្រទេសចិនត្រូវបានគ្រូបង្វឹកបញ្ជូនសម រីម ទៅហ្វឹកហាត់នៅ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធខេត្តគងទងហើយប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធខេត្តគងទង បានសន្យាជួយហ្វឹកហាត់កីឡាករ សម រីម លើផ្នែកបច្ចេកទេសសម្រាប់ចូលរួមប្រកួត កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមធ្វើពីថ្ងៃទី១៩ ដល់ថៃ្ងទី៣១ខែសីហាឆ្នាំ២០១៧ខាងមុខនេះ ។

លោកអគ្គលេខាធិការបានឲ្យដឹងថា សម រីម គឺជាពន្លឺនៃក្តីសង្ឃឹមថ្មីសម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានិងប្រទេសកម្ពុជាផងដែរ ក្នុងការប្រកួតប្រជែងដណ្តើមយកមេដាយស៊ីហ្គេមឆ្នាំនេះ បើទោះបីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍សុទ្ធតែជាជើងខ្លាំងក៏ដោយ ក៏លោកមានជំនឿថា សម រីម នឹង ធ្វើឲ្យពលរដ្ឋខ្មែរ រំភើបនិងភ្ញាក់ផ្អើលចំពោះ វត្តមានកីឡាកាយសម្ព័ន្ធកម្ពុជាតាមរយៈ រូបគេក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ីឆ្នាំនេះ ។ ការរំពឹងពោរពេញដោយការ ជឿជាក់ពីសំណាក់លោក ណយ ផាន់ណា នេះគឺកើតឡើងបន្ទាប់ពីរូបលោកសម្លឹងឃើញភាពរីកចម្រើនរបស់កីឡាករ សម រីម ដែលកំពុងហ្វឹកហាត់ជាមួយក្រុមកីឡាករកីឡាការិនីកាយសម្ព័ន្ធជម្រើសជាតិចិន នៅខេត្តខេត្តគងទង។

ជាងនេះទៀតប្រធាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធខេត្តគងទងនិងគ្រូបង្វឹកជនជាតិចិនដែលទទួលបន្ទុកបង្វឹកហាត់ សម រីម បានកោត សរសើរ សម រីម ហើយបញ្ជាក់ថា សម រីម មានមូលដ្ឋានគ្រឹះនៃកីឡាកាយសម្ព័ន្ធល្អ រួចស្រេចហើយ។ ដោយឡែកការហ្វឹកហាត់នៅទីនោះ(ខេត្តគងទង)គ្រាន់តែបំពេញ បន្ថែមពេលវេលាហ្វឹកហាត់ដើម្បីតម្រង់ និងសម្រួចបច្ចេកទេស សម រីម ឲ្យបាន ច្រើនជាងមុនប៉ុណ្ណោះ ។ កីឡាករ សម រីម ហ្វឹកហាត់នៅប្រទេសចិនក្នុង១សប្តាហ៍ ចំនួន៦ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍គឺពេល ព្រឹកពីម៉ោង៨ដល់ម៉ោង១២ និងពេលល្ងាចពីម៉ោង៣រសៀលដល់ម៉ោង៦និង៣០នាទីល្ងាច ។ ទាំងអស់នេះគឺជាហេតុផលធ្វើឲ្យ សម រីម មានគុណផលខ្ពស់ម្យ៉ាងមជ្ឈ មណ្ឌលនោះមានឧបករណ៍សម្ភារសុវត្ថិភាពបច្ចេកទេសគ្រប់គាន់ ។ ដោយឡែកវិញ្ញាសា ប្រកួតរបស់សម រីម នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមគឺគេលេងតែ២វិញ្ញាសា ប៉ុណ្ណោះ គឺវិញ្ញាសាកម្រាលនិងវិញ្ញាសាសេះលោត ៕ សារីម


ចែករំលែក៖