ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ដែលប្រមាថអាយុជីវិតសម្ដេចតេជោ ហ៊ុន សែន ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​

ចែករំលែក៖

ភ្នំពេញ​៖ ​មន្ដ្រីនគរបាលឈ្មោះ លាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស របស់ក្រសួងមហាផ្ទៃ ដែលបានប្រើសរសេរប្រមាថអាយុជីវិត របស់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្ដាញសង្គម ​Facebook នោះ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នេះ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ លោក​ ​សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ឈ្មោះ​ លាង​ ឡា​ ពី​បទ​”គំរាមកំហែង​ថា​នឹង​សម្លាប់​”តាម​មាត្រា​២២៣នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។​ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ​ ។

បទល្មើស​គំរាមកំហែង​ថា​នឹង​សម្លាប់​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ​ទៅ​២ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៤លាន​រៀល​ ។

សូមបញ្ជាក់ថា លោក លាង ឡា ដែលប្រើគណនី Facebook ឈ្មោះ Leala Leang ដែលបានកាត់តរូបសម្តេចតេជោ និងរូបខ្លួនឯងលើ Profile ពាក់ផ្កាយ៥ ហើយថែមទាំងសរសេរថា សហនាយករដ្ឋមន្រ្តីទី១ និងទី២ បានចូលទៅ comment នៅក្នុងផេករបស់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើពាក្យប្រមាថធ្ងន់ៗដល់សម្ដេច និងគ្រួសារ ខណៈដែលខ្លួនគឺជាមន្ដ្រីនគរបាលម្នាក់របស់រាជរដ្ឋាភិបាល និងស៊ីប្រាក់ខែរបស់រាជរដ្ឋាភិបាល៕​ ចេស្តា


ចែករំលែក៖