ខេត្តបាត់ដំបង៖ ចាប៉ីដងវែងខ្នាតយក្ស ដែលផលិតឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមការជ្រោមជ្រែង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងទៅនេះ ត្រូវបានដង្ហែទៅរក្សាទុកក្នុងបរិវេណសាលាខេត្តបាត់ដំបង ក្នុងផ្ទះបុរាណសម័យលោកម្ចាស់ ឈុំ អភ័យវង្ស (កថាថន) និងបានធ្វើពិធីប្រគល់ជូនដោយជោគជ័យនៅព្រឹកថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧។
ការយកចាប៉ីដងវែងខ្នាតយក្សមករក្សាទុកនៅសាលាខេត្តបាត់ដំបងនោះដែរ ទន្ទឹមដែលគណៈប្រតិភូមកពី២២ប្រទេសក្នុងទ្វីបអាស៊ីបានចុះទៅស្វែងយល់ក្រុងបាត់ដំបងដេលត្រៀមស្នើសុំបញ្ចូលជាបេក្ខភាពដាក់ជាសម្បត្តិបេកតិភ័ណ្ឌពីភពលោកនាពេលឆាប់ៗខាងមុខនេះ ខណៈនោះភ្ញៀវទេសចរណ៍ដែលបរទេសប្រមាណជាង១០០នាក់ ដែលធ្វើដំណើរមកជាមួយគណៈប្រតិភូមមកពី២២ប្រទេសក្នុងទ្វីបអាស៊ី ក៏បានទស្សនា ចាប់អារម្មណ៍ជាខ្លាំងនិងចាប៉ីដឹងវែងខ្នាតយក្សរបស់កម្ពុជានោះផងដែរ។
ការសម្រេចដង្ហែចាប៉ីដងវែងខ្នាតយក្ស ដែលបានបំបែក ឯតទគ្គកម្មថ្នាក់ជាតិ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ទៅរក្សាទុកនៅក្នុងខេត្ត បាត់ដំបងនៅពេលនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាស្របពេលដែលខេត្តបាត់ដំបង ក៏ជាខេត្តមួយដែលសម្បូណ៌ទៅ ដោយបេតិកភណ្ឌជាតិជាច្រើនផងដែរ។
លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងមានប្រសាសន៍ថា ការទទួលបានចាប៉ីដងវែង ខ្នាតយក្សនៅពេលនេះ គឺជាកិត្តិយសមួយដ៏ធំធេងរបស់ខេត្តបាត់ដំបង។ “ខ្ញុំពិតជារីករាយដែលខេត្តបាត់ដំបងបានទទួលចាប៉ីដងវែងដ៏ធំនេះ។ ចាប៉ីនឹងត្រូវដាក់ជូនបងប្អូនប្រជាពលរដ្ឋទូទៅចូលទស្សនាដើម្បីឲ្យពួកគាត់កាន់តែស្រឡាញ់កេរមរតករបស់ដូនតាយើង ហើយចូលរួមថែរក្សាឲ្យបានគង់វង្សតទៅ”។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក សុខ សង្វារ និងជាប្រធានគម្រោងភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានប្រសាសន៍ក្នុងឱកាសបង្ហាញចាប៉ីដងវែងដល់ ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍នៃកិច្ចសន្ទនា សហប្រតិបត្តិការអាស៊ីលើកទី២ ថា ការកសាងចាប៉ីដងវែងខ្នាតយក្សដាក់តាំងក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តកន្លងទៅនេះ គឺដើម្បីអបអរសាទរដែលចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូនាទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកបាន បន្ថែមថា ការដង្ហែចាប៉ីដងវែងខ្នាតធំមករក្សាទុកក្នុងខេត្ត បាត់ដំបងនេះ នឹងធ្វើឲ្យធ្វើប្រជាពលរដ្ឋកាន់តែច្រើនមានការចាប់អារម្មណ៍ ស្រឡាញ់ និងរួមចំណែកថែរក្សាបេតិកភណ្ឌនេះបានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ច័ន្ទ សុផល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តម ស រដ្ឋា ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងទទួលរក្សាទុកចាប៉ីដងវែងខ្នាតធំនេះក្នុងអាគារបុរាណដែលមាន អាយុកាលជាង១០០ឆ្នាំ។
សូមបញ្ជាក់ថា ចាប៉ីដងវែងខ្នាតធំ ដែលបានដាក់តាំងបង្ហាញ ក្នុងបរិវេណភូមិខ្ញុំនៅថ្ងៃអង្គរសង្រ្កាន្ត និងបានដង្ហែមករក្សាទុកក្នុងខេត្តបាត់ដំបងនេះ មានប្រវែង១០ម៉ែត្រកន្លះ មានតួស្នូកទទឹងប្រវែង ២,២០ម៉ែត្រ បណ្តោយប្រវែង ២,៨០ម៉ែត្រ និងកម្រាស់ ៦០សង់ទីម៉ែត្រ។ ដងចាប៉ីដែលមានប្រវែង៧,៧០ម៉ែត្រ។ ចំណែកស្នូកធ្វើអំពីឈើកុំប្លាកេ និងខ្សែចាប៉ីធ្វើអំពីខ្សែជ័រទំហំ៨៥សង់ទីម៉ែត្រ។ ប្រលួតចំនួន៣ ដែលមានទំហំ ១៨សង់ទីម៉ែត្រ និងបណ្តោយប្រវែង១,០៥ម៉ែត្រ ត្រូវបានរចនាក្បូរក្បាចយ៉ាងប្រណីត៕ សំ វិច្ឆិកា