ភ្នំពេញ៖ ស្ថិតក្នុងសម្លៀកបំពាក់ តេក្វាន់ដូ ស្ទីលកូរ៉េខាងត្បូង កីឡាការិនី ឈឿង លីណា អតីតម្ចាស់មេដាយសំរឹទ្ធិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៧នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៣កន្លងទៅ បានប្រាប់ភ្នាក់ងារយកព័ត៌មាន កាសែតនគរវត្ត ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ក្រោយបញ្ចប់ការហ្វឹកហាត់ថា ឆ្នាំនេះនាង មានសង្ឃឹម អាចដណ្តើមយកមេដាយខ្ពស់ក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩នេះបាន បើទោះបីនាងបានអវត្តមានចូលរួមប្រកួតព្រឹត្តិការណ៍ កាលពីឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរីក៏ដោយចុះ។
កីឡាការិនី ឈឿង លីណា បានប្រាប់ឲ្យដឹងថា មុនឈានដល់ការប្រកួតស៊ីហ្គេមលើកទី២៩នេះ ក្រុមអត្តពលិកតេក្វាន់ដូ W T F កម្ពុជា មានបេសកកម្ម ចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ រយៈពេលជាង១ខែ និងមានការប្រកួតចំនួន៣កម្មវិធីនៅទីនោះផងដែរ។ ការប្រកួតនេះ គឺជាឱកាសបំពេញបន្ថែមចំពោះភាពខ្វះចន្លោះ ទាំងបច្ចេកទេស កម្លាំង នេះគឺជាមូលហេតុដែលត្រូវកីឡាការិនីរូប ស្រស់ស្អាតនេះ កាន់តែមានជំនឿចិត្តខ្ពស់ សម្រាប់ការប្រកួតដណ្តើមយកមេដាយមាស នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
កីឡាការិនី រូបនេះបានបញ្ជាក់ថា ចំពោះការខកខានចូលរួម ប្រកួតកីឡាស៊ីហ្គេមកន្លងមក ដោយសារតែនាង មមាញឹកនិងការសិក្សា ប៉ុន្តែឆ្នាំនេះ នាងបានដាក់ចិត្តថា នឹងព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្តើមយកមេដាយកម្រិតខ្ពស់បំផុតមកជូនជាតិ តាមរយៈការប្រកួតសម្តែង មេគុនឯកត្តជន នារី ។
តាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបង្ហាញឲ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡាបានត្រៀមបញ្ជូនអត្តពលិក របស់ខ្លួន ទៅចូលរួមព្រឹត្តិកាណ៍ ប្រកួតស៊ីហ្គេមលើកទី២៩ នៅទីក្រុងគូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ប្រមាណ២៨ប្រភេទកីឡា ដែលមានអត្តពលិកប្រមាណជិត៤០០នាក់ ក្នុងនោះកីឡាតេក្វាន់ដូ WTFត្រូវបានថ្នាក់ដឹកនាំរំពឹងថា នឹងជួយរំកិលលេខរៀងឲ្យកម្ពុជា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕ សារីម